បុរសម្នាក់រឹត.កសម្លាប់សង្សារ រួចហើយយកកូនកាំបិត អារ.កសម្លាប់ខ្លួនតាមក្រោយ តែត្រូវគេជួយសង្គ្រោះទាន់

ភ្នំពេញ៖ នារីកម្មការិនីរោងចក្រម្នាក់ ត្រូវសង្សាររបស់ខ្លួនរឹត. សម្លាប់ក្នុងបន្ទប់ជួលដែលពួកគេស្នាក់នៅ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ជាប្រុសស្នេហ៍ក៏បានយកកាំបិតចិតបន្លែអារ.កខ្លួនឯងប៉ងសម្លាប់ខ្លួនតាមក្រោយដែរ តែមិនស្លាប់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រនៅឡើយតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ៧ ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ

នារីរងគ្រោះត្រូវបានបងស្រីរបស់នាងប្រាប់ថាមានឈ្មោះសុខ ស្រីសុីម ហៅអាពៅ អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុនិង មានស្រុកកំណើត នៅភូមិឃុំឧត្តម ស្រុកពាមជរ ខេត្តព្រែវែង រីឯបុរសជាសង្សារមានឈ្មោះ ហ៊យ ផល្លា អាយុ២៦ឆ្នាំ មានមុខរបរកម្មកររោងចក្រដូចគ្នាមានស្រុកកំណើតនៅភូមិធ្លាប្រជុំ ឃុំរលួស ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់អត់ឃើញប្អូនស្រីរបស់ខ្លួនទៅធ្វើការរោងចក្រជាមួយខ្លួនក៏មកមើលបន្ទប់ជួល តែបន្ទប់ខ្ទាស់គន្លឹះខាងក្នុងទោះហៅក៏មិនឮសូឆ្លើយក៏នាំគ្នាគាស់បន្ទប់មើលស្រាប់តែឃើញជនរងគ្រោះដេកក្នុងថ្លុកឈាមរបួសជាទម្ងន់ បុរសជាសង្សារក៏មានរបួសជាទម្ងន់ ហើយក៏បានប្រញាប់ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រទាំងពីរនាក់ តែជាអកុសលស្ត្រីជាសង្សារដោយសារតែរបួសធ្ងន់ពេកក៏បាននៅស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្ដង ចំណែកបុរសជាសង្សារ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត្រ តែស្ថានភាពរបួសក៏ធ្ងន់ធ្ងរ

បើតាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគេក៏ធ្លាប់ឮពួកគេឈ្លោះប្រកែកគ្នាដោយពាក្យសម្ដីដែរ ហើយនៅថ្ងៃកើតហេតុ កាលពីព្រលប់ក៏គេបានឮឈ្លោះគ្នា ហើយក៏ស្ងាត់មាត់ទៅ លុះព្រឹកឡើងមិនឃើញពួកគេក្រោកទៅធ្វើការ នៅពេលបងស្រីរបស់ជនរងគ្រោះមកហៅទ្វារទើបដឹងថាអ្នកទាំងពីរមានរឿងធ្ងន់ធ្ងរបែបនេះតែម្ដង