ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យដួលបាក់កស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរស់ម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅនិងកន្លែង បង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាល់ពីវេលាម៉ោង១២និង២០នាទី យប់ឈានចូល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយ ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

សពជនរងគ្រោះមានឈ្មោះ ប៊ុន រ៉ងម៉ាលីវី ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ ៥A ផ្លូវភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដា PCXពាក់ស្លាកលេខ ភ្នំពេញ 1HV-0610 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពេញទំហឹងបណ្តាលឲ្យបោកក្បាលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវ៉ាស់វែងម៉ូតូទៅរក្សាទុក ប្រគល់ជូនសាច់ញាតិវិញ ។ ចំណែកសពបុរសរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចជំនាញប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕