សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់

អន្តរជាតិ៖សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គលនិងក្រុមហ៊ុនអ៊ីរ៉ង់ជាង ២០ នាក់បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើកងទ័ពអាមេរិកនៅអ៊ីរ៉ាក់កាលពីដើមសប្តាហ៍មុន។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo និងរដ្ឋលេខាធិការក្រសួងរតនាគារលោក Steven Mnuchin បានប្រកាសរួមគ្នានៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលថ្ងៃសុក្រ។

វិធានការណ៍នេះផ្តោតលើមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៨ រូបក្នុងនោះមានអ្នកតំណាងរាស្រ្តដ៏សំខាន់ៗគឺលោក Ali Shamkhani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់។

ចំណែកក្រុមហ៊ុនដែលត្រូវកមណត់ដាក់ទ័ណ្ឌកម្មដែរនោះគឺក្រុមហ៊ុនអ៊ីរ៉ង់ចំនួន ១៧ ដែលជាក្រុមហ៊ុនរុករករ៉ែដែកថែបនិងអាលុយមីញ៉ូមក៏ដូចជាក្រុមហ៊ុនបរទេសដែលធ្វើពាណិជ្ជកម្មលើផលិតផលដែកអ៊ីរ៉ង់។

ទ្រព្យសម្បត្តិរបស់មន្រ្តីដែលត្រូវមាននៅក្នុងសហរដ្ឋអាមេរិកនឹងត្រូវបានរារាំងហើយពួកគេនឹងត្រូវហាមឃាត់ពីការទាក់ទងជាមួយពលរដ្ឋអាមេរិក។

លោក Mnuchin បាននិយាយថាទណ្ឌកម្មនេះនឹងកាត់ផ្តាច់ប្រាក់រាប់ពាន់លានដុល្លារដល់របបអ៊ីរ៉ង់។លោកបានកត់សម្គាល់ថាប្រធានាធិបតីដូណាល់ត្រាំកំពុងចេញបទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអាជីវកម្មអ៊ីរ៉ង់ជាច្រើនរួមមានគ្រឿងសំណង់ និងវាយនភ័ណ្ឌ។

លោកបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹងបន្តអនុវត្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរហូតដល់អ៊ីរ៉ង់បញ្ឈប់សកម្មភាពភេរវកម្មរបស់ខ្លួនហើយប្តេជ្ញាថាខ្លួនបោះបង់អាវុធ​នុយក្លេអ៊ែរទាំងស្រុង៕