គូស្នេហ៍ គ-ថ្លង់ មួយគូ រស់នៅ២ប្រទេសផ្សេងគ្នា បែរជាបានរៀបការជាមួយគ្នា ដោយសារទំនាក់ទំនងតាមអ៊ីនធើណែត

ថៃ៖  ដោយសារស្នេហាគ្មានព្រំដែន  ណាមួយប្រព័ន្ធអ៊ីនធើណែត កាន់តែអស្ចារ្យទៀតនោះ ទើបអាចបណ្តាលឲ្យគូស្នេហ៍គ-ថ្លង់ខុសជាតិសាសន៍មួយគូអាចរៀបការជាមួយគ្នាបាន កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។

ពួកគេទាំងពីរនាក់បានជួបគ្នា តាមរយៈប្រព័ន្ធអនឡាញ ហើយពួកគេបានជជែកគ្នាលេងតាមរយៈវីដេអូ ដោយប្រើប្រាស់ភាសាកាយវិការ អស់រយៈពេលជាង៦ខែកន្លងមកហើយ។

យោងតាមសារព័ត៌មាន Sanook របស់ថៃបានឲ្យដឹងថា អ្នកនាង Darat Sukeebot អាយុ ៤៣ឆ្នាំ មកពីខេត្ត Ayutthaya ប្រទេសថៃ និងលោក Lee Hun Young អាយុ ៥៨ឆ្នាំ មកពីប្រទេសកូរ៉េខាងត្បូង បានរៀបការជាមួយគ្នាតាមប្រពៃណីថៃ នៅផ្ទះខាងកូនក្រមុំ ហើយនេះគឺជាអ្វីដែលកូនក្រមុំរូបនេះតែងតែស្រមៃចង់បាន។

កម្មវិធីនេះបានចាប់ផ្តើមដោយក្បួនដង្ហែកូនកម្លោះ។ បន្ទាប់មកទៀត បុរសជនជាតិកូរ៉េនោះ បានប្រគល់ថ្លៃទឹកដោះប្រមាណជា ៥០០ ០០០បាត (ប្រហែល១៤ ៧០០ដុល្លារ) ទៅកាន់គ្រួសារខាងស្រី។

កម្មវិធីមួយនេះ បានធ្វើឲ្យក្រុមគ្រួសារ ញាតិមិត្ត និងមិត្តភក្តិជាច្រើនមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង។

ស្របជាមួយគ្នានេះដែរ អ្នកនាង Darat បានរៀបចំគម្រោងដើម្បីអនាគតរបស់អ្នកនាងរួចរាល់ហើយ ដោយនឹងធ្វើការផ្លាស់ទៅរស់នៅឯប្រទេសកូរ៉េជាមួយស្វាមី  ហើយអ្នកនាងនឹងមកលេងប្រទេសថៃរៀងរាល់៣ខែម្តង។ លើសពីនេះ ប្តីប្រពន្ធថ្មីថ្មោងមួយគូនេះ មានគម្រោងយកកូនតែ២ប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖