រដ្ឋបាលខេត្តព្រៃវែង ស្នើដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍ទៅជាតំបន់ការពារធម្មជាតិ

ព្រៃវែង៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី « ការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍ជាតំបន់ការពារធម្មជាតិ » ពិធីនេះបានធ្វើឡើងដោយ មានការចូលរួមពីឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង ថ្នាក់ដឹកនាំមន្រ្តីជំនាញ ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្តស្រុក អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ជាច្រើននាក់

លោកស្រីអភិបាលរងខេត្តព្រៃវែង បានឱ្យដឹងថា ប្រព័ន្ឋអេកូឡូស៊ីតំបន់បឹងស្នេហ៍បានដើរតួរនាទីយ៉ាងសំខាន់ និងជាប្រភពទឹកសម្រាប់សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញប្រមាណជាង១៤ឃុំដែលប្រើប្រាស់ពីបឹងនេះ សម្រាប់ស្រោចស្រព្វដំណាំស្រូវប្រាំងជាងរាប់ម៉ឺនហិកតា ដែលអាចបង្កបង្កើនផល២ទៅ៣ដងក្នុងមួយឆ្នាំ លោកស្រីបានបញ្ចាក់ទៀតថា កន្លងមកមានកំណើនប្រជាជនដែលរស់នៅជុំវិញបឹងស្នេហ៍ ហើយកំណើនតម្រូវការអុសដុត និងរុករានដីព្រៃលិចទឹក ដើម្បីធ្វើកសិកម្ម

ក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានថ្លែងថា ដោយឈរលើតម្លៃសេដ្ឋកិច្ច និងតម្លៃជីវៈចម្រុះ រដ្ឋបាលខេត្តបានស្នើការសហការពីក្រសួងបរិស្ថានក្នុងការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តភាពនូវធនធានតំបន់ដីសើមនេះ ។

ឯកឧត្តមបន្តថា សក្តានុពលតំបន់បឹងស្នេហ៍ នឹងទទួលបានការចូលរួមការពារធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ក្រសួងបរិស្ថាន បានការគាំទ្រជាឯកឆន្ទ ចំពោះការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីធានាដល់កិច្ចការពារ ការថែរក្សា ធនធានធម្មជាតិតំបន់ដីសើមបឹងស្នេហ៍នេះ ឱ្យនៅគង់វង្ស សម្រាប់ផលប្រយោជន៍ និងកាអភិវឌ្ឍរបស់សហគមន៍មូលដ្ឋាន ៕