រដ្ឋមន្ត្រីក្រសួងវប្បធម៌ មិនយល់ស្របឲ្យរុះរើស្ពានថ្មចាស់សម័យបារាំងនៅខាងមុខសាលាខេត្តបាត់ដំបង

បាត់ដំបង៖ លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើលិខិតទៅកាន់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានស្នើសុំអ្នកជំនាញចុះពិនិត្យលើសំណើរសុំធ្វើការរុះរើស្ពានថ្មចាស់សម័យបារាំង ដែលស្ថិតនៅខាងមុខសាលាខេត្តបាត់ដំបង ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានយល់ឃើញថា ពុំគួរធ្វើការរុះរើស្ពានថ្មចាស់សម័យបារាំងនោះទេ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ ដែលបានសាងសង់ក្នុងសម័យអាណានិគមបារាំង ជាសំណង់ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបងនិងនៅសល់តែមួយគត់នៅកម្ពុជា មានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ យល់ឃើញទៀតថា ស្ពាននេះ ចាត់ទុកជាមរតកដ៏កម្រ គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើយទុកប្រើប្រាស់ជាស្ពានថ្មើរជើង ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវភឿង សកុណា បានស្នើសុំកិច្ចសហការជាមួយអ្នកជំនាញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យសិក្សាផ្ទាល់ដល់ទីតាំងនៅថ្ងៃទី១៩ និងទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណងរកដំណោះស្រាយ ក្នុងន័យអភិរក្ស ៕