សម្តេចតេជោ ហ៊ុន សែន អំពាវនាវសារជាថ្មីឲ្យគ្រូពេទ្យទាំងអស់ត្រូវតែគោរពវិជ្ជាជីវៈ និងមិនត្រូវប្រងើយកន្តើយចំពោះអ្នកជំងឺឡើយ

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវសារជាថ្មីឲ្យគ្រូពេទ្យទាំងអស់ត្រូវតែគោរពវិជ្ជាជីវៈ និងមិនត្រូវប្រងើយកន្តើយចំពោះអ្នកជំងឺឡើយ ពោលគឺកុំយកលុយជាធំ គឺត្រូវយកការជួយសង្គ្រោះជាធំ

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងសុខាភិបាល មានការគ្របគ្រងគ្លីនិកឯកជន និងកន្លែងលក់ថ្នាំពេទ្យអោយត្រឹមត្រូវ។ ហើយម៉្យាងវិញទៀត គឺទាំងមន្ទីរពេទ្យរដ្ឋ និងឯកជនសូមកុំដណ្តើមអ្នកជំងឺគ្នា ជាក់ស្តែងកន្លងទៅនេះមានករណីខ្លះ មានជម្ងឺបានមកព្យាបាលនៅមន្ទីរពេទ្យឯកជន ហើយដល់ពេលដែលឯកជនព្យាបាលមិនជា ក៏បានបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរដ្ឋ ហើយដោយសារអ្នកជម្ងឺកាន់តែធ្ងន់ធ្ងរពេកនោះក៏បណ្តាលឲ្យអ្នកជម្ងឺស្លាប់នៅមន្ទីរពេទ្យរដ្ឋតែម្តង ដែលពេលនោះក៏ចាប់ផ្តើមបន្ទោសដល់មន្ទីរពេទ្យរដ្ឋ

នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់និស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើវិស័យសុខាភិបាលនេះឲ្យបានរិតតែខ្លាំងទៀត ដើម្បីឲ្យកម្ពុជាសម្បូរធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពពិតប្រាកដ ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ក្របខណ្ឌដល់ចំនួនក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំយុវជន និងកីឡា ចំនួន ,៦០០នាក់ និង ក្រសួងសុខាភិបាល ចំនួន ,៣០០នាក់

ក្របខណ្ឌដែលត្រៀមនឹងផ្តល់ជូនក្រសួងទាំង២ខាងលើនេះ គឺដោយសារកំណើនៃសិស្សានុសិស្សដែលកើនឡើងជារៀងរាល់ឆ្នាំ ហើយទន្ទឹមនឹងនោះដែរ ក៏មានមន្រ្តីចាស់ៗមួយចំនួនត្រូវបានចូលនិវត្តន៍ ដែលតម្រូវអោយមានការជ្រើរើសបុគ្គលិកមន្រ្តីរាជការបន្ថែម ហើយនេះក៏ដូចគ្នានឹងវិស័យសុខាភិបាលផងដែរ ដែលរាជរដ្ឋាភិបាលត្រូវបង្កើនទាំងអគារពេទ្យ និងធនធានគ្រូពេទ្យឲ្យកាន់តែច្រើនឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋចាប់តាំងពីទីក្រុងរហូតដល់ជនបទ