សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រុមជម្រើសជាតិ U22 កម្ពុជា បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារតាមរយៈហ្វេសប៊ុកផេករបស់សម្តេចនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកានេះ ដោយបានកោតសរសើរដល់ក្រុមជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញសារកោតសរសើរដល់ក្រុមជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា មានខ្លឹមសារដូច្នោះថា « សូមកោតសរសើរដល់ក្រុមបាល់ទាត់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម(SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។

អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនានៅតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត»៕