អគ្គីភ័យបានឆាបឆេះទីតាំងលក់សំភារៈទូរស័ព្ទ និងហាងកាត់សក់ បណ្តាលឲ្យខូចខាតសំភារៈមួយចំនួននៅខណ្ឌសែនសុខ

ភ្នំពេញ៖ ហាងលក់សំភារៈទូរស័ព្ទ និងហាងកាត់សក់ជាប់គ្នាមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ២០០២ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១ ៖៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ហាងបាននាំគ្នាដើរលេងលុះដល់ម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហុយ ព្រមទាំងចេញជាអណ្ដាតភ្លើងឆេះចេញពីខាងក្នុងហាងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ។

ក្នុងករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿងដើម្បីបាញ់ពន្លត់ ក៏រលត់ទៅវិញជាស្ថាពរត្រឹមរយៈពេលប្រហែលកន្លះម៉ោង ដោយគ្រាន់តែខូចខាតសំភារៈក្នុងហាងទាំង២ ដោយមានគ្រឿងទូរស័ព្ទមួយចំនួនធំ និងម៉ូតូធំមួយគ្រឿងក្នុងហាងកាត់សក់ ។ រីឯមូលហេតុក្នុងករណីអគ្គីភ័យនេះសមត្ថកិច្ចជំនាញនៅមិនទាន់ដឹងថាផ្ដើមមកពីមូលហេតុអ្វីនោះទេ ៕