បុរសជនជាតិចិនម្នាក់ ដឹកសពបងប្រុសទៅតម្កល់នៅវត្តស្ទឹងមានជ័យដោយខ្លួនឯង បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញចុះពិនិត្យ

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកព្រូសដឹកសាកសពបងប្រុសដែលជាជនជាតិចិនដូចគ្នា មកទុកនៅសាលតម្កល់សពក្នុងវត្តស្ទឹងមានជ័យ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើការពិនិត្យ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវត្តស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ

សមត្ថកិច្ចបានអោយដឹងថា សាកសពជនរងគ្រោះមានឈ្មោះ HU GENHAE ភេទប្រុស កើតឆ្នាំ១៩៧៥ ស្នាក់នៅផ្ទះតាមបណ្តោយផ្លូវ២០០៤ ក្នុងខណ្ឌសែនសុខ

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង២និង៣០ នាទីយប់ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដំបូងឡើយជនរងគ្រោះបានកើតមានអាការៈឈឺក្បាលខ្លាំង ជំងឺធ្វើទុក្ខឡើង ពិបាកទ្រាំក៏បានតេទូរសព្ទហៅប្អូនប្រុសដែលជាជនជាតិចិនដូចគ្នា មកទទួលពីផ្ទះនៅចំណុចផ្លូវ២០០៤ ដើម្បីយកទៅមន្ទីរពេទ្យរុស្ស៊ី លុះដល់មន្ទីរពេទ្យហើយនោះត្រូវបានក្រុមគ្រូពេទ្យពិនិត្យទើបដឹងថា ស្លាប់បាត់ទៅហើយ ។ ក្នុងនោះដោយសារតែមិនដឹងថាត្រូវយកសាកសពបងប្រុសទៅទុកនៅទីណា ទើបប្អូនប្រុសដែលជាជនជាតិចិនរូបនោះ បានដឹកសពបងប្រុសតាមរយៈរថយន្តព្រូសមកទុកនៅសាលតម្កល់សពនៅក្នុងវត្តស្ទឹងមានជ័យ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យ ដោយបានបញ្ជាក់ថា សាកសពជនរងគ្រោះគឺបានស្លាប់ដោយសារតែជំងឺទឹកនោមផ្អែម ខ្លាញ់រុំបេះដូង និងលើសឈាម

បច្ចុប្បន្នសាកសពខាងលើ កំពុងតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំដឹកយកទៅកាន់ប្រទេសដើមកំណើតធ្វើបុណ្យផងដែរ