ជនត្រូវចោទ កឹម សុខា អាចដើរហើរក្នុងប្រទេសកម្ពុជា ដោយត្រូវជាប់កាតព្វកិច្ចចំនួន៣ចំណុច

ដោយ៖ សុខា

ភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនចំពោះជនត្រូវចោទ កឹម សុខា ក្នុងការត្រួតពិនិត្យតាមផ្លូវតុលាការ

ការកែប្រែកាតព្វកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានទទួលនូវពាក្យស្នើសុំមួយច្បាប់របស់សហមេធាវីការពារក្តីឲ្យជនត្រូវចោទ កឹម សុខា

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ដោយពិនិត្យលើពាក្យស្នើសុំរបស់សហមេធាវីការពារឲ្យជនត្រូវចោទ ជាពិសេសត្រង់ចំណុចពាក់ព័ន្ធនិងបញ្ហាសុខភាពរបស់ជនត្រូវចោទ (កឹម សុខា) ដែលចំបាច់ត្រូវពិនិត្យព្យាបាល ។ ម្យ៉ាងវិញទៀត ក្នុងពេលស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន ជនត្រូវចោទ (កឹម សុខា) បានគោរពត្រឹមត្រូវតាមកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងសហការបានល្អក្នុងដំណើរការនីតិវិធីតុលាការ ។

ជនត្រូវចោទ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយត្រូវជាប់កាតព្វកិច្ចចំនួន៣ចំណុចរួមមាន៖

.មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា .មិនត្រូវធ្វើសកម្មភាពនយោបាយ .ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ។ *ក្នុងន័យនេះ ជនត្រូវចោទ កឹម សុខា អាចមានសេរីភាពដើរហើរចេញក្រៅផ្ទះបានក្នុងដែនដីនៃប្រទេសកម្ពុជា

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបង្ហោះសារលើផេកផ្លូវរបស់លោកថា « ជនត្រូវចោទ កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ដោយគ្រាន់តែចៅក្រមស៊ើបសួរសម្រេចកែប្រែកាតព្វកិច្ចនៃការដាក់ក្រោមការត្រួតពិនិត្យតែប៉ុណ្ណោះ យោងលើការយល់ឃើញ អំពីបញ្ហាសុខភាព និងការអនុវត្តកាតព្វកិច្ចបានត្រឹមត្រូវរបស់ជនត្រូវចោទនាពេលកន្លងមក!

លោកបន្តថា នេះជាសិទ្ធិអំណាចរបស់ចៅក្រមស៊ើបសួរ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២២៧ ២២៨ និង២២៩»

គួររម្លឹកថា ជនត្រូវចោទ កឹម សុខា ត្រូវបានលោក គី ឬទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ។

លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១២និង៣០នាទីអាធ្រាត្រចូលថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកផ្ទាល់តែម្តងដែលស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក ។

បន្ទាប់ពីត្រូវបានចាប់ខ្លួនជនត្រូវចោទ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា បង្គាប់ឲ្យឃុំដាក់ពន្ធនាគារបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

យោងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ជនត្រូវចោទ កឹម សុខា ត្រូវចាប់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ក្នុងបទល្មើសជាក់ស្តែង ដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃកម្ពុជា។ តាមរយៈវីដេអូក្លិប ដែលផ្សព្វផ្សាយដោយបណ្តាញ CBN ដែលមានទីតាំងនៅអូស្ត្រាលី និង ភស្តុតាងដដៃទៀតដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់ អំពីផែនការសម្ងាត់នៃការឃុបឃិតគ្នារវាងលោកកឹម សុខា និងបក្សពួកជាមួយបរទេសដែលធ្វើឲ្យប៉ះពាល់ដល់កម្ពុជា ៕