ដោះលែងជនជាតិចិនម្នាក់ក្នុងចំណោម២នាក់ ពាក់ព័ន្ធនឹងករណីបាញ់ប្លន់ក្នុងហាងលក់គុជ នៅខណ្ឌពោធិ៍សែនជ័យ

ដោយ៖ អែល វិចិត្រ

ភ្នំពេញ ជនសង្ស័យជនជាតិចិនចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការព័ទ្ធចាប់ខ្លួនបានភ្លាមៗ ក្រោយមានបក្ខពួកសរុប៤នាក់ ផ្ទុះអាវុធបាញ់ជាច្រើនគ្រាប់ ចូលប្លន់ក្នុងហាងគុជមួយកន្លែង

ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងហាងលក់គុជយីហោ ហឺហឺ នៅខាងក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួននេះ មានឈ្មោះ សែវ ទុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ចំណែកម្នាក់ទៀតមិនពាក់ព័ន្ធ ត្រូវបានដោះលែងទៅវិញ។ រីឯបក្ខពួកដែលរត់គេចខ្លួន៣នាក់ទៀត រួមមាន៖

ទី១ឈ្មោះ សែវ ហ៊ួ ភេទប្រុស ជាជនជាតិចិន

ទី២ឈ្មោះ សែវ ហ៊ឺ ភេទប្រុសអាយុប្រហែល២៣ឆ្នាំ

ទី៣ឈ្មោះ សែវ ចេវ ភេទប្រុសអាយុប្រហែល២៣ឆ្នាំ ជនជាតិចិន។

ចំណែកជនរងគ្រោះជាម្ចាស់ហាង មានឈ្មោះ Xue Dan Feng (ហ្យូដានហ្វេង) ភេទស្រី អាយុ៣១ឆ្នាំ មុខរបរធ្វើការរោងចក្រ XIN YUAN (ឃ្យីងយ៉េន) និងមានប្តីឈ្មោះ XU Jang Wei អាយុ២៨ឆ្នាំ មុខរបរលក់គ្រឿងគុជ និងវេលុយទៅប្រទេសក្រៅ។

តាមប្រភពព័ត៌មាន មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធកំពុងអង្គុយក្នុងហាងរបស់ខ្លួន បន្ទាប់មកស្រាប់តែមានជនសង្ស័យ៤នាក់ប្រដាប់ដោយកាំភ្លើងខ្លី០២ដើម បានបិទមុខចូលក្នុងហាងខាងលើ ភ្ជង់ប្លន់យកលុយពីជនរងគ្រោះ ភ្លាមនោះជនរងគ្រោះក៏បានរត់ចេញមកក្រៅផ្ទះរួច ទាញទ្វាបិទចាក់សោរខាងក្រៅ ទើបជនសង្ស័យបានបាញ់២គ្រាប់ ដើម្បីផ្តាច់សោរ ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ភ្លាមៗនោះ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះមកឡោមព័ទ្ធចាប់ខ្លួនបានជនសង្ស័យជនជាតិចិនចំនួន ២នាក់ភ្លាមៗ ចំណែកបក្ខពួក៣នាក់ទៀត គេចខ្លួនបាត់ស្រមោល ដកហូតបាន អាវុធខ្លីម៉ាក K59 ចំនួន១ដើម និងសំបកផ្ទុះ ចំនួន២គ្រាប់ បញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែន ដើម្បីសាកសួរ ទើបដឹងថា មានម្នាក់មិនពាក់ព័ន្ធ និងត្រូវបានដោះលែងឲ្យត្រឡប់ទៅវិញផងដែរ។

សូមបញ្ជាក់ថា ទីតាំងហាងលក់គុជនេះ ធ្លាប់កើតរឿងភ្ញាក់ផ្អើល២ដងមកហើយ ដោយកាលពីលើកមុន មានជនសង្ស័យជនជាតិចិន ស្ពាយគ្រាប់បែកដែលដាច់ខ្សាច់យកមកប្លុងចោលក្នុងហាងនេះ បង្កភិតភ័យនិងភ្ញាក់ផ្អើលខ្លាំង លុះលើកទី២នេះ ក៏មានជនសង្ស័យជនជាតិចិន ចូលបាញ់ប្លន់ថែមទៀត៕