សមត្ថកិច្ចឆ្មក់បង្ក្រាបជនជាតិចិន១១នាក់ ករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ នគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនជនជាតិចិនសរុបចំនួន១១នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់ និងរំដោះបានជនរងគ្រោះម្នាក់ផងដែរ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២ និង២០នាទី រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្ទះល្វែងក្នុងបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ ជាជនជាតិចិន ទើបខាងស្ថានទូតចិនស្នើសុំឲ្យក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន១១នាក់ និងរំដោះបានជនរងគ្រោះម្នាក់ ក្នុងសភាពមានរបួសលើរូបរាងកាយដែលជនសង្ស័យបានវាយធ្វើបាប។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕