សហរដ្ឋអាមេរិកសង្កត់ធ្ងន់លើការរួមចំណែកប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

អន្តរជាតិ៖មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថាប្រទេសរបស់លោកកំពុងចូលរួមចំណែកក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុទោះបីជាមានការជូនដំណឹងជាផ្លូវការអំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏ដោយ។

អនុរដ្ឋលេខាធិការទទួលបន្ទុកកំណើនសេដ្ឋកិច្ចថាមពលនិងបរិស្ថានលោក Keith Krach បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងតូក្យូកាលពីយប់ថ្ងៃព្រហស្បតិ៍។ លោកបានការពារជំហររបស់សហរដ្ឋអាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំទី ២ លើពិភពលោកប្រឆាំងនឹងការរិះគន់ពីអន្តរជាតិ។

ការរិះគន់នេះបានកើតឡើងក្រោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំកាលពីថ្ងៃច័ន្ទសប្ដាហ៍នេះបានជូនដំណឹងផ្លូវការនូវការចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។

លោក Krach បាននិយាយថាផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកបានកើនឡើង ២៥ ភាគរយហើយការ​បំភាយកាបូនបានធ្លាក់ចុះ ១៣ ភាគរយចាប់តាំងពីឆ្នាំ ២០០៧ ។

លោកបានមានប្រសាសន៍ថាដូច្នេះសហរដ្ឋអាមេរិកកំពុងនាំមុខគេក្នុងពិភពលោកមិនត្រឹមតែសន្តិសុខថាមពលនិងបរិស្ថានប៉ុណ្ណោះទេប៉ុន្តែថែមទាំងទាក់ទងនឹងការកែច្នៃ និងប្រសិទ្ធភាពផងដែរ។

លោកបាននិយាយថា “យើងគួរតែចំណាយលុយពង្រឹងធនធានមនុស្សរបស់យើងទាក់ទងនឹងលទ្ធផល” ជាជាងប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយលើកឡើងថាវាមានតែគោលដៅនិងគ្មានយន្តការអនុវត្តទាល់តែសោះ៕