ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឲ្យចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់បន្ថែមទៀត ដើម្បីជាផ្នែកមួយនៃវឌ្ឍនភាពសង្គមកម្ពុជា

ភ្នំពេញ៖ នៅក្នុងពិធីចាប់ពូលពានរង្វាន់បាល់ទាត់ Soccer League នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា «ឱកាសនៃការលេងកីឡា នឹងផ្តល់ឲ្យយុវជនដែលមកពីអង្គភាពស្ថាប័ន ខុសៗគ្នាដែលមានមុខងារ និងវិជ្ជាជីវៈផ្សេងៗគ្នា បានបង្កើត បង្កើន និងពង្រីកចំណងមិត្តភាព និងសាមគ្គីភាពក្នុងរង្វង់យុវជន ព្រមទាំងស្វែងយល់ពីគ្នា ក៏ដូចជាការស្គាល់ពីគ្នាទៅវិញទៅមក ដើម្បីក្លាយជាបណ្តាញទំនាក់ទំនងរួមគ្នា ក្នុងបរិយាកាសស្និតស្នាល ចេះអត់ឱន អធ្យាស្រ័យគ្នា និងគោរពគ្នាទៅវិញទៅមក ពោលគឺយើងទាំងអស់គ្នារួមគ្នាបំផុស ចលនាសម្ព័ន្ធបាល់ទាត់យុវជន SOCCER LEAGUE ដើម្បីស្មារតីសាមគ្គីភាព។»

ឯកឧត្តមបានបន្ថែមជាមួយមោទនភាពលេីភាពរីកចម្រើនក្នុងវិស័យកីឡាបាល់ទាត់របស់កម្ពុជា ហើយក៏សូមអំពាវនាវអោយមានការចូលរួមគាំទ្របន្ថែមទៀតដើម្បីជាផ្នែកមួយនៃវឌ្ឍនភាពសង្គមកម្ពុជា

សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់Soccer League លើកទី៥ នឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ការប្រកួតរដូវកាលនេះ ទទួលបានការដាក់ពាក្យចូលរួមប្រកួតពីសំណាក់អង្គការ សមាគម បណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ បណ្តាខេត្តនានា ក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្តាក្រុមហ៊ុនមានចំនួន ៧២ក្រុម ដែលសរុបមានប្រមាណ១៨០០នាក់ ហើយដែលកំពុងត្រៀមខ្លួនប្រកួតនៅតាមពូលនិមួយៗទាំង១៦ពូល