ក្រុមហ៊ុនពុះដីឡូតិ៍ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត បានចូលបំភ្លឺចំពោះសមត្ថកិច្ច និងបានសុំទោស ព្រមទាំងសន្យាឈប់បន្តផ្សព្វផ្សាយ

សៀមរាប៖ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ដោយបានទទួលលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកផែនសន្តិសុខ នៃស្នងការនគរបាលខេត្តសៀមរាបបានអញ្ជើញក្រុមហ៊ុមពុះដីឡូតិ៍មួយកន្លែងចូលបំភ្លឺពីករណីក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនលើបណ្តាញសង្គម Facebookនាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានណែនាំដល់តំណាងក្រុមហ៊ុន ក៏ដូចជាសាធារណជនទូទៅសូមកុំព្យាយាមផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬមិនគ្រប់ជ្រុងជោយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិ ។ ដូច្នេះចំពោះព័ត៌មានពិត ឬមិនពិត ក៏ត្រូវឈរលើជំហរគិតពិចារណាឲ្យបានស៊ីជម្រៅ មុននឹងធ្វើការផ្សព្វផ្សាយបន្ត និង ចែកចាយបន្ត ដែលសំខាន់ ព័ត៌មានមួយចំនួន ដែលមានការពាក់ព័ន្ធដល់សន្តិសុខជាតិ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។

លោក ហើន ផានី ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនពុះដីឡូតិ៍ ក៏បានបញ្ជាក់ថា ក្រោយពីបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចជំនាញ ក្រុមហ៊ុនបានទទួលយករាល់ចំណុចដែលបានលើកឡើង យកទៅអនុវត្ត មិនឲ្យមានការបន្តទៀតឡើយ។ ក្នុងនោះដែរ តំណាងក្រុមហ៊ុន ក៏បានលើកអំពីមូលហេតុមួយចំនួនដែល បានបំភ្លើសពីការពិត នៅក្នុងតំបន់ដីឡូត៌របស់ក្រុមហ៊ុនខ្លួន ដែលធ្វើឲ្យមហាជនមានការភ័ន្តច្រឡំ គឺបណ្តាមកពីបុគ្គលិកទី ផ្សាររបស់ក្រុមហ៊ុន មានការយល់ច្រឡំថា មានកាស៊ីណូម៉ាកាវ នៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ថាជាប់នឹងដីឡូត៌ របស់ក្រុមហ៊ុន។ តែជាការពិតក៏ពុំមានច្បាប់ណាមួយ ឲ្យមានបង្កើតកាស៊ីណូនៅលើទឹកដីខេត្តសៀមរាបឡើយ ។

ក្រោយពីទទួលការអនុគ្រោះពីអាជ្ញាធរខេត្ត តំណាងក្រុមហ៊ុន ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះឯកឧត្តមអភិបាលខេត្ត និង កម្លាំង សមត្ថកិច្ច ដែលបានធ្វើការអប់រំ ណែនាំ និង មានការអនុគ្រោះ នូវបញ្ហាទាំងឡាយដែលក្រុមហ៊ុនបានធ្វើឲ្យមានការខុសឆ្គងកន្លងមក ព្រមទាំងបានតាំងចិត្តកែប្រែកំហុសឆ្គងទាំងនោះ និង បញ្ឈប់នូវការផ្សព្វផ្សាយដែលគ្មានប្រភពពិតប្រាកដ ។ ក្នុងនោះលោកក៏បានសំណូមពរផងដែរថា នៅពេលខាងមុខបើមាន ផេករបស់បុគ្គលិកណាមួយនៅតែបន្តធ្វើការផ្សព្វ ផ្សាយនោះ គឺ សូមឲ្សមត្ថកិច្ចមានវិធានការចំពោះបុគ្គលទាំងនោះទៀតផង។

សូមបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន ឬតំណាងក្រុមហ៊ុន ត្រូវមកផ្សព្វផ្សាយសុំទោសជាសាធារណៈ នៅព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ ករណី ក្រុមហ៊ុននៅតែបន្ត ធ្វើការបង្ហោះផ្សព្វផ្សាយ ចំពោះករណីមិនពិតតទៅទៀត សមត្ថកិច្ចនឹងមានវិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងដូចពេលនេះទៀតឡើយ ។ ម៉្យាងទៀត ចំពោះបណ្តាក្រុមហ៊ុននានា ដែលធ្វើអ្វីប្រាស់ចាកពីច្បាប់ និង មានការពាក់ព័ន្ធដល់សន្តិសុខសង្គម ក៏យើងមិនអត់ឱនឡើយ គឺអនុវត្តទៅតាមផ្លូវច្បាប់ ។

ក្រុមការងារចម្រុះរបស់ខេត្ត ដែលមានរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរព័ត៌មាន និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងបន្តតាមដាន និងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះបុគ្គល ឬក្រុមហ៊ុនទាំងឡាយដែលផ្សព្វផ្សាយព័ត៌មានមិនពិតនិងរំលោកភច្បាប់នឹងត្រូវផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ប្រភពពី៖ ផេករដ្ឋបាលខេត្តសៀមរាប