ប្រទេសជប៉ុនបដិសេធសំណងសម្រាប់ក្រុមនាវិកកូរ៉េខាងជើង

អន្តរជាតិ៖អគ្គលេខាធិការខុទ្ទកាល័យលោក Yoshihide Suga បានច្រានចោលការទាមទារសំណងរបស់កូរ៉េខាងជើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងនាវាមកពីប្រទេសទាំងពីរនៅលើសមុទ្រជប៉ុន។

នាវាល្បាតរបស់ទីភ្នាក់ងារជលផលជប៉ុននិងទូកនេសាទកូរ៉េខាងជើងមួយគ្រឿងបានប៉ះទង្គិចគ្នានៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនក្នុងខេត្តIshikawaកាលពីថ្ងៃទី៧តុលាកន្លងទៅ ។ សមាជិកនាវិកទាំងនោះត្រូវបានជួយសង្គ្រោះដោយភ្នាក់ងារសង្គ្រោះដែនទឹក។

កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃសៅរ៍ថាជីវិតរបស់សមាជិកនាវិកត្រូវបានគំរាមកំហែង។ ក្រុងព្យូងយ៉ាងបានទាមទារឱ្យប្រទេសជប៉ុនសងការខូចខាតនិងចាត់វិធានការដើម្បីទប់ស្កាត់ឧបទ្ទវហេតុដូចនេះ។

លោក Suga បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថាប្រទេសជប៉ុនពិតជាមិនអាចទទួលយកបាននូវការទាមទាររបស់កូរ៉េខាងជើងទេហើយបានធ្វើការតវ៉ាភ្លាមៗទៅកាន់ទីក្រុងព្យុងយ៉ាងតាមរយៈផ្លូវទូតនៅក្នុងទីក្រុងប៉េកាំង។លោកបានបន្ថែមថារដ្ឋាភិបាលកំពុងពិចារណា លើការបញ្ចេញ​វីដេអូនៃការប៉ះទង្គិចនេះជាសាធារណៈ៕