លោក Trump នឹងដាក់ទណ្ឌកម្មលើទួរគីពាក់ព័ន្ធនឹងការបើកប្រតិបត្តិការយោធារនៅភាគឥសានប្រទេសស៊ីរី

អន្តរជាតិ៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និយាយថាលោកគ្រោងនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសទួរគីដើម្បីឆ្លើយតបនឹងប្រតិបត្តិការយោធារបស់ប្រទេសនេះនៅភាគឥសានប្រទេសស៊ីរី។

លោក Trump បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទដោយនិយាយថាលោកនឹងចេញ “បទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីបច្ចុប្បន្ននិងអតីតមន្រ្តីរដ្ឋាភិបាលទួរគីនិងបុគ្គលណាមួយដែលរួមចំណែកដល់ប្រតិបត្តិការយោធារបស់ប្រទេសទួរគីនៅភាគឥសាននៃប្រទេសស៊ីរី” ។

លោកក៏បានប្រកាសពីផែនការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចេញដែកថែបរបស់ទួរគីរហូតដល់ ៥០ ភាគរយដែលជាកម្រិតខ្ពស់បំផុត។លោក Trump បានបន្ថែមទៀតថាលោកបានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសទួរគីប្រសិនបើមេដឹកនាំពួកគេបន្តប្រតិបត្តិការយ៉ាងបំផ្លិចបំផ្លាញនោះ។

គូសបញ្ជាក់ថារដ្ឋបាល Trump ត្រូវបានគេរិះគន់ចំពោះការដកទ័ពអាមេរិកចេញពីប្រទេសស៊ីរីនិងអនុញ្ញាតឱ្យប្រតិបត្តិការនេះកើតឡើង។ សកម្មភាពចុងក្រោយរបស់សហរដ្ឋអាមេរិកនេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីទប់ស្កាត់ការរិះគន់។

លោក Trump ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផងដែរថាទាហានអាមេរិកដែលបានដកចេញពីភាគខាងជើងប្រទេសស៊ីរីនឹងនៅតែស្ថិតក្នុងតំបន់ដើម្បីតាមដានស្ថានការណ៍។កងកម្លាំងអាមេរិកកំពុងតែស្ថិតនៅភាគខាងត្បូងប្រទេសស៊ីរីដែរដើម្បីបន្តកំទិចក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕