រថយន្ត Range Rover ពន្លះក្បាលនាគចែកទ្រូងផ្លូវខូចខាត២កង់នៅស្តុបក្ដាន់ពីរ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់បើករថយន្តមួយគ្រឿងទំនងជាស្រវឹងស្រាបើកបោះយ៉ាងលឿនបានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងធ្វើឲ្យខូចខាត២កង់ រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង១៖៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីកែងនិងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-1777 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងធ្វើឲ្យខូចខាតអស់២កង់ រីឯរថយន្តខ្ទេចមួយណាត់មុខស្ទើរទាំងស្រុងតែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕