ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងផ្អើលខ្លាំង នៅខណ្ឌមានជ័យ

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាជួយពន្លត់ភ្លើងដែលកំពុងឆេះក្នុងផ្ទះមួយកន្លែង យ៉ាងញាប់ដៃ ញាប់ជើង និងរាយការណ៍ជូនសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់បន្ថែមទៀត ទើបរលត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទៅ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុនេះមានឈ្មោះ ត្រា លក្ខណា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ត្រូវបានឆ្លងចរន្តអគ្គិសនីឆេះផ្ទះដែលសង់ពីថ្មបេតុងទំហំ ៤ម៉ែត្រ គុណ១២ម៉ែត្រ ឆេះខូចខាតសម្ភារៈកូនក្មេងលេងមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

ក្នុងនោះ ក៏មានការចូលរួមពន្លត់ពីសំណាក់ រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង របស់ការិយាល័យបង្កនិងពន្លត់អគ្គិភ័យ និងរថយន្ត របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៣គ្រឿងទៀត សរុបទាំងអស់៤គ្រឿង តែប្រើអស់១គ្រឿង អស់ទឹកចំនួន៤ ម៉ែត្រគីប ទើបរលត់ទៅវិញជាស្ថាពរ នៅម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល៕