លួចម៉ូតូនិងតេឡេរថយន្តគេ ត្រូវនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ចាប់ខ្លួនបានម្នាក់ និងបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍បឹងកេងកងទី១ ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់បុរសម្នាក់បានសម្រេច រួចព្យាយាមគេចខ្លួន តាំងពីខែកញ្ញា តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅខែតុលានេះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៨B ផ្លូវ៣៩៨ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ សារិន វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ (ធ្លាប់ប្រើប្រាស់គ្រឿងញៀន) ។ ចំណែកបក្ខពួកដែលរត់គេចខ្លួន មានឈ្មោះ ម៉ុង ភេទប្រុស អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ យ៉ា ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ។

រីឯជនរងគ្រោះមានឈ្មោះ លី ជីវឡាំង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ ស្នាក់នៅក្នុងភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចំណែកសម្ភារៈបាត់បង់ រួមមាន ម៉ូតូម៉ាកយ៉ាម៉ាហា មីអូ ពណ៌ស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1H-0075 (ប្រគល់ឲ្យជនរងគ្រោះបណ្តោះអាសន្ន និងតេឡេរថយន្តចំនួន២គ្រឿង ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន១គ្រឿង ម៉ាកយ៉ាម៉ាហា មីអូ ពណ៌សលលាយខៀវ ពាក់ស្លាកលេខ 1GM-8119 និងទូរសព្ទដៃមួយគ្រឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១២យប់ ជនរងគ្រោះបានទុកម៉ូតូមួយគ្រឿងម៉ាកមីអូ ពាក់ស្លាកលេខ ភ្នំពេញ 1H-0075 ក្នុងផ្ទះក្រុមហ៊ុនជួល ដោយបានចាក់សោ.កត្រឹមត្រូវ ។ លុះព្រកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ជនរងគ្រោះបានមករកម៉ូតូរបស់ខ្លួន ស្រាប់តែមិនឃើញ ត្រូវបានជនសង្ស័យលួចយកទៅបាត់។ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៣ ទៀបភ្លឺ មានជនសង្ស័យ៣នាក់ បានចូលលួចតេឡេរថយន្តក្នុងផ្ទះរបស់ជនរងគ្រោះចំនួន២គ្រឿង ពេលនោះសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ ល្បាតមកដល់ចំណុចកើតហេតុ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមនិងម៉ូតូមួយគ្រឿង ។ ចំណែកបក្ខពួក២នាក់ទៀត យកតេឡេរថយន្តទាំង២គ្រឿងរបស់ជនរងគ្រោះគេចខ្លួនបាត់ ។ ក្នុងនោះសមត្ថកិច្ចបានរកឃើញម៉ូតូរបស់ជនរងគ្រោះម៉ាកខាងលើ ប៉ុន្តែខុសស្លាកលេខ តែចំពោះលេខតួ និងលេខម៉ាស៊ីនគឺដូចក្នុងប័ណ្ណសម្គាល់ទោចក្រយានយន្ត (កាតគ្រី) របស់ជនរងគ្រោះដែលបាត់កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកេងកងទី១ តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕