ជនជាតិចិនម្នាក់ប្រើថ្នាំលើសកម្រិត ឡើងលើអាគារបម្រុងលោតសម្លាប់ខ្លួន

ភ្នំពេញ បុរសជនជាតិចិនម្នាក់បានប្រើប្រាស់ថ្នាំញៀនលើសកម្រិត បែកគំនិតឡើងលើអាគារបម្រុងលោតសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងអាវុធហត្ថចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាទី២ ខណ្ឌពោធិ៍សែនជ័យ បុរសជនជាតិចិនដែលបែកថ្នាំខាងលើ នៅមិនទាន់ស្គាល់ឈ្មោះនោះទេ

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជាជនជាតិចិន បានឡើងលើអាគារផ្ទះល្វែងកម្ពស់៣ជាន់ ហើយដោះអាវស្រាតខោ (នៅសល់តែលីអូ) យំស្រែក និងបំរុងលោតសម្លាប់ខ្លួន ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ព្រមទាំងមានជនជាតិចិនដូចគ្នាជួយស្រែក ពន្យល់ណែនាំ និងត្រៀមពូករៀបចំនៅខាងក្រោមដើម្បីទទួលកុំឲ្យធ្លាក់មករងរបួស និងប៉ះពាល់ដល់អាយុជីវិត

បន្ទាប់មក កម្លាំងអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកឧបករណ៍ សង្គ្រោះ ហើយឡើងទៅចាប់ក្រៀកចុះមកក្រោមទទួលបានជោកជ័យ ដោយមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ រួចបញ្ចូនទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងយកមកមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន