ចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយសុំលុយអ្នកផ្ទះទិញគ្រឿងញៀនមិនបាន ដុតផ្ទះចោល និងទាញកាំបិតដេញចាក់សម្លាប់

ដោយ៖ អែល វិចិត្រ

តាកែវ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្តាយមីងបង្កើត ក្រោយបានធ្វើសកម្មភាពយកកាំបិតចុងស្រួច គំរាមដេញចាក់ ដើម្បីសុំលុយយកទៅទិញគ្រឿងញៀនបើមិនឲ្យនឹងចាក់សម្លាប់ រួចយកដែកកេះដុតផ្ទះចោលថែមទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆិល ចាន់នី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះជាម្តាយមីង មានឈ្មោះ អិន គឿន ភេទស្រី អាយុ៥៦ឆ្នាំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានប្រើពាក្យគំរាមសុំលុយក្រុមគ្រួសារយកទៅទិញថ្នាំញៀនមកជក់ តែក្រុមគ្រួសារគ្មានប្រាក់ឲ្យ ជនសង្ស័យក៏យកកាំបិតចុងស្រួចគំរាមដេញចាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ ។ បើគ្មានប្រាក់ឲ្យទេ គេនឹងសម្លាប់ចោល អញ្ចឹងហើយដោយសារភ័យខ្លាចនឹងការប៉ងសម្លាប់ ជនសង្ស័យបានយកខ្សែកទៅលក់ បើកក្រុមគ្រួសារមិនឲ្យ វានឹងសម្លាប់ចោល និងដុយផ្ទះ ថារួចជនសង្ស័យក៏យកដែកកេះមកដុតតែម្តង បណ្តាលឲ្យឆេះផ្អើលប្រជាពលរដ្ឋជួយនាំគ្នាពន្លត់ និងប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ថ្នាំញៀន២កញ្ចប់ , កាំបិតស្នៀតស្រោម ចំនួន២ កាំបិតកែ១ ទូរសព្ទ១គ្រឿង ដែកកេះ១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕