មន្ត្រីយោធាសក្តិ៤កន្លះម្នាក់​ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ នៅសង្កាត់គោករកា

ភ្នំពេញ៖ មន្ត្រីក្រសួងការពារជាតិសក្តិ ៤កន្លះម្នាក់ ខណៈពេលធ្វើដំណើរទៅប្រចាំការនៅឯវិមានឈ្នះឈ្នះ ក៏បានជួបនឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយរថយន្តដឹកទឹកកក មួយគ្រឿង បេីកគៀរបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៧នឹ១០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចមុខវត្តអង្គក្រពេី តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ ណៃ នីភេទប្រុស អាយុ ៤២ឆ្នាំ មានឋានស័ក្ក វរៈសេនីយ៍ទោ បម្រើការងារនៅក្រសួងការពារជាតិ ស្នាក់នៅភូមិកៅសង្កាត់កំបូរល ខណ្ឌកំបូរលរាជធានីភ្នំពេញ។ ចំណែកឯអ្នកបររថយន្តបង្កដែលត្រូវបានសមត្ថកិច្ចឈ្មោះ ប៊ន វិន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អ្នកបេីកបរ ស្នាក់នៅភូមិចំបក ឃុំល្វែងឬស្សី ស្រុកជីក្រែកខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញជនរងគ្រោះ ជិះម៉ូតូ មួយគ្រឿងម្នាក់ឯង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GD-970 បានធ្វេីដំណេីរពីត្បូងទៅជេីងតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ខណៈពេលធ្វេីដំណេីរមកដល់ចំណុចមុខវត្តអង្គក្រពេី ក៏មានរថយន្ត មួយគ្រឿង ម៉ាក ហ៊ឺយ៉ាន់ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3164 ធ្វេីដំណេីរស្របទិសគ្នា បានបេីកមកគៀរបុកពីក្រោយម៉ូតូជនរងគ្រោះ ឲ្យដួលអូសជាង ៣០ម៉ែត្រ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីត។ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក ជនបង្កព្យាយាមបេីករថយន្តរត់គេចចេញពីកន្លែងកេីតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់ និងប្រគល់ជូនសមត្ថកិច្ច។

តាមប្រភពពីក្រុមគ្រួសារសពបានប្រាប់ថា ជនរងគ្រោះបានធ្វេីដំណេីរចាកចេញពីផ្ទះនៅខណ្ឌកំបូរ ក្នុងគោលបំណងទៅប្រចាំការនៅវិមានឈ្នះឈ្នះ ក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទៅវិញ ដោយបានបន្សុលទុកកូនស្រីចំនួន ៣នាក់ ឲ្យរស់នៅក្នុងបន្ទុកម្តាយ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍ទៅជំនាញអធិការខណ្ឌ បានទាក់ទងទៅការិយាល័យជំនាញចរាចរណ៍ជេីងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វេីការវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យជំនាញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕