សហគមន៍អឺរ៉ុបខ្កោលទោសកូរ៉េខាងជើងជុំវិញការបាញ់សាកល្បងអាវុធមីសស៊ីលSLBM

អន្តរជាតិ៖ប្រទេសអឺរ៉ុបចំនួន ៦ បានរួមគ្នាថ្កោលទោសកូរ៉េខាងជើងចំពោះការសាកល្បងមីស៊ីលSLBMដែលបានបាញ់សាកល្បងកាលពីសប្តាហ៍មុន។

ប្រេសិតបារាំងអាល្លឺម៉ង់និងប្រទេស ៤ ផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីការបាញ់សាកល្បងនេះនៅក្នុងកិច្ចប្រជុំបិទទ្វារមួយ។គ្រាប់មីស៊ីលនោះបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិនៃប្រទេសបារាំងលោកNicolas de Riviereបានអានសេចក្តីថ្លែងការណ៍ដែលនិយាយថាការសាកល្បងរបស់ក្រុងព្យូងយ៉ាងនេះធ្វើឡើងបន្ទាប់ពីមានការបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីជាបន្តបន្ទាប់កាលពីសប្តាហ៍មុនហើយក្រុមប្រេសិតបានបញ្ជាក់ជាថ្មីពីការថ្កោលទោសចំពោះសកម្មភាពបង្កហេតុទាំងនេះ។

លោក De Riviere បាននិយាយថាសកម្មភាពនេះ “ធ្វើឱ្យអន្តរាយដល់សន្តិសុខនិងស្ថេរភាពក្នុងតំបន់ហើយពួកគេកំពុងរំលោភយ៉ាងច្បាស់នូវដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ។ លោកបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិ ” អនុវត្តឱ្យបានពេញលេញនិងតឹងរឹង” និងបានជំរុញឱ្យកូរ៉េខាងជើង “មានជំនឿចិត្តក្នុងកិច្ចចរចាប្រកបដោយអត្ថន័យជាមួយសហរដ្ឋអាមេរិក” ។

ប្រភពពីក្រុមប្រឹក្សានិយាយថាអ្នកចូលរួមខ្លះនៅក្នុងកិច្ចប្រជុំបានសម្តែងក្តីសង្ឃឹ​ម​ថាប្រទេសកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកនឹងបន្តកិច្ចពិភាក្សាកម្រិតការងារឡើងវិញបន្ទាប់ពីបរាជ័យជុំចុងក្រោយកាលពីថ្ងៃសៅរ៍។

សមាជិកក្រុមប្រឹក្សាមិនអាចមានជំហររួមមួយទេបន្ទាប់ពីមានការខកខានស្រដៀងគ្នានៅក្នុងខែសីហា។ចិននិងរុស្ស៊ីសុខចិត្តបន្ធូរបន្ថយទណ្ឌកម្មស្របពេលដែលអាមេរិកដាក់អាទិភាពលើការធ្វើឱ្យជឿនលឿនក្នុងកិច្ចចរចាថ្នាក់ការងារ៕