អ្នកការទូតអាមេរិកអំពាវនាវឱ្យកូរ៉េខាងជើងធ្វើការសំរេចចិត្តជុំវិញកិច្ចពិភាក្សារំសាយកម្មវិធីនុយក្លេអ៊ែរ

អន្តរជាតិ៖អ្នកចរចារអាវុធនុយក្លេអ៊ែររបស់ដហរដ្ឋអាមេរិកបានជំរុញឱ្យកូរ៉េខាងជើងធ្វើការសម្រេចចិត្តថាតើត្រូវបន្តកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងឬយ៉ាងណា។ប្រេសិតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការរំសាយកម្មវិធីអាវុធលោក Robert Wood បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំគណៈកម្មាធិការដកហូតអាវុធរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។

ប្រទេសទាំងពីរបានបើកកិច្ចប្រជុំថ្នាក់ការងារនៅប្រទេសស៊ុយអែតកាលពីថ្ងៃសៅរ៍។សហរដ្ឋអាមេរិកបានបង្ហាញពីចេតនារបស់ខ្លួនដើម្បីបន្តកិច្ចពិភាក្សាឡើងវិញក្នុងរយៈពេលពីរសប្តាហ៍។ ប៉ុន្តែប្រធានប្រតិភូរបស់កូរ៉េខាងជើងបាននិយាយថាកិច្ចពិភាក្សានៅក្នុងប្រទេសស៊ុយអែតបាន“ចប់” ។ ក្រុងព្យុងយ៉ាងបាននិយាយថាខ្លួននឹងសម្រេចចិត្តថាតើត្រូវបន្តកិច្ចចរចាដោយផ្អែកលើឥរិយាបថសហរដ្ឋអាមេរិក។

លោក Wood បានមានប្រសាសន៍ថាសហរដ្ឋអាមេរិកបានចូលមកតុចរចារជាមួយឆន្ទះ ដោះស្រាយបញ្ហាមួយចំនួនហើយថាលោកគិតថាអាចធ្វើឱ្យមានវឌ្ឍនៈភាព។

លោកបានបន្ថែមទៀតថាសហរដ្ឋអាមេរិកប្តេជ្ញាចិត្ត ចំពោះការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនិងអាចផ្ទៀងផ្ទាត់បាន ហើយសង្ឃឹមថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទីក្រុងព្យុងយ៉ាងនឹងសម្រេចចិត្តថាតើបន្តចរចារឬអត់៕