ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងទូរសព្ទពីជនបរទេស ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់

ដោយ៖ អែល វិចិត្រ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងទូរសព្ទពីជនបរទេស ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់។

ក្នុងនោះ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ដោយការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩និង១០នាទី ចំណុចច្រកចូលផ្សារអ៉ីអន ផ្លូវសបិត ក្រុម៤០ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចផ្លូវលេខ១៥៥ កែង៤៦៤ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។

ជនសង្ស័យនេះមានឈ្មោះ ពេជ្រ ជុនសុវណ្ណហេង ហៅតោ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។ រីឯជនរងគ្រោះមានឈ្មោះ PAV LOVA ANNA ភេទស្រី អាយុ៣២ឆ្នាំជនជាតិរុស្ស៊ី ស្នាក់នៅស្ថានទូតរុស្ស៊ី ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

មុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩ និង១០នាទី ជនរងគ្រោះកំពុងដើរនៅចំណុចកែងច្រកចូលផ្សារទំនើបអ៉ីអនកន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ ពេជ្រ ជុនសុវណ្ណហេង ហៅតោ និងម្នាក់ទៀតឈ្មោះ ពៅ ច័ន្ទតារារ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ បាន ជិះម៉ូតូឌុបគ្នាម៉ាកនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HW-0682 មកពីក្រោយជនរងគ្រោះរួចធ្វើសកម្មភាពលូកដៃឆក់កាបូបលុយស្ពាយរបស់ជនរងគ្រោះដែលស្ពាយជាប់នឹងស្មារបានសម្រេចហើយជិះម៉ូតូរត់គេចបាត់ ។ លុះដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីយប់ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះពេជ្រ ជុនសុវណ្ណហេង ដកហូតបានម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HW-0682 ដែលជិះធ្វើសកម្មភាព បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមច្បាប់ ។

ជនសង្ស័យ៣នាក់ទៀត ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ដោយការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទីរសៀល ចំណុចក្រោយផ្សារអ៉ីអន ផ្លូវសបិត ក្រុម៤០ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង៦ល្ងាចថ្ងៃដដែល ចំណុចក្លឹបបុកប៊ីយ៉ែ ផ្លូវ៥០៨សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនសង្ស័យទាំងនេះ រួមមាន៖

ទី១ឈ្មោះ កែវ ណាមឆាយ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាសិស្សវិទ្យាល័យបឹងត្របែក។

ទី២ឈ្មោះ នូ វិសាល ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាសិស្សវិទ្យាល័យបឹងត្របែក។

ទី៣ឈ្មោះ ផាន់ សុធីមិន ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៦២ ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ។

មុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២ និង៣០នាទី ជនសង្ស័យ៥នាក់ដោយឈ្មោះ កែវ ណាមឆាយ និងឈ្មោះ នូ វិសាល ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN-7005 , ឈ្មោះ ផាន់ សុធីមិន និងឈ្មៅះ វ៉ាន់ ជិះម៉ូូតូម៉ាកស៊ុយសាគីនិច , ឈ្មោះណាក់ និហឈ្មោះ ឆែប ជិះម៉ូតូម៉ាកស្កុបពី មកធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក iPhone X ពីស្ត្រីបរទេសម្នាក់ដែលកំពុងដើរហាត់ប្រាណបានសម្រេច ឌោយឈ្មោះ នូ វិសាល អង្គុយខាងក្រោយជាអ្នកឆក់ ហើយនាំគ្នាជិះរត់គេចខ្លួន យកទូរសព្ទទៅលក់នៅហាងម៉ានិត ផ្លូវ៣០៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្នុងតម្លៃ២៦៥ដុល្លារ ហើយគេចខ្លួនបាត់។ លុះនៅថ្ងៃដដែល វេលាម៉ោង៦ល្ងាច សមត្ថកិច្ចក៏ចាប់បានជនសង្ស័យ៣នាក់ នៅចំណុចហាងមីហិរ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន តែម្តង។

ដោយឡែកជនសង្ស័យ២នាក់ទៀត ទី១ឈ្មោះពេជ្រ ម៉ានី ភេទប្រុស និងទី២ឈ្មោះ នៅ ហាក់ ភេទប្រុស ទាំង២នាក់នេះត្រូវបានចាប់ខ្លួនពីបទ ឆក់ទូរសព្ទដៃនិងកាបូប ពីប្រជាពលរដ្ឋ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕