លោក Trump បញ្ជាក់ថាកូនប្រុសរបស់លោក Osama bin Ladenត្រូវបានសម្លាប់

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍​ថាកូនប្រុសរបស់មេដឹកនាំក្រុមអាល់កៃដា លោកOsama bin Laden ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មរបស់អាមេរិកនៅក្នុងតំបន់ប៉ាគីស្ថាន – អាហ្វហ្គានីស្ថាន។ លោកមិនបានផ្តល់ព័ត៌មានលម្អិតសម្រាប់ពេលវេលាឬកាលបរិច្ឆេទនោះទេ។សហរដ្ឋអាមេរិកបានមើលឃើញថាលោក Hamza ជាអ្នកស្នងតំណែងពីលោក Osama bin Laden ​ដែលជាមេក្លោងក្នុងការវាយប្រហារអាគារពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ។

លោក Osama bin Laden ត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ាគីស្ថានក្នុងឆ្នាំ ២០១១ ហើយកូនប្រុសរបស់គាត់បានអំពាវនាវឱ្យមានការសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក។ ជាបន្តបន្ទាប់រដ្ឋាភិបាលអាមេរិកបានដាក់ Hamza ចូលក្នុងបញ្ជីឃ្លាំមើលភេរវកម្មរបស់ខ្លួននៅឆ្នាំ ២០១៧ ។

សេចក្តីថ្លែងការណ៍និយាយថាការបាត់បង់ Hamza «មិនត្រឹមតែធ្វើអោយក្រុមអាល់កៃដាបាត់បង់មេដឹកនាំសំខាន់និងទំនាក់ទំនងជានិមិត្តរូបដល់ឪពុករបស់គេប៉ុណ្ណោះទេថែមទាំងបំផ្លាញនូវសកម្មភាពប្រតិបត្តិការសំខាន់ៗរបស់ក្រុមផងដែរ។បណ្តាញសារព័ត៌មានអាមេរិកបានរាយការណ៍ពីការស្លាប់របស់លោក Hamza កាល​ពីខែសីហាឆ្នាំនេះដោយដកស្រង់សំដីមន្ត្រីអាមេរិកម្នាក់ប៉ុន្តែប្រធានាធិបតី Trump បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលនោះទេ៕