បុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាត ដោយយកសាំងមកចាក់ដុតខ្លួនឯងឆេះរលាកពេញខ្លួន

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ បុរសម្នាក់ ប៉ុនប៉ងធ្វើអត្តឃាត បានយកសាំងដុតខ្លួនឯងឆេះ រោលពេញខ្លួន បង្កការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង ១៥ នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្បែរស្ពានកោះពេជ្រ ក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើដែលប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះ គឿក ទូច ភេទប្រុស កើតថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៩៤ មានស្រុកកំណើតនៅ ភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ មានកាន់ដបសាំងជាប់ខ្លួន មិនដឹងថាដើរមកពីខាងណាទេ មកដល់ចំណុចកើតហេតុ ក៏បានយកសាំងចាក់ស្រោចលើខ្លួន រួចដុតខ្លួនឯងតែម្ដង ភ្លាមៗនោះត្រូវបានបងប្អូនប្រជាពលរដ្ឋបានឃើញក៏បាននាំគ្នាទៅជួយពន្លត់ភ្លើងដែលឆេះនៅលើខ្លួនគាត់ និងប្រញាប់ទាក់ទងទៅកាន់សមត្ថកិច្ចដើម្បីហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រតែម្ដង៕