សមត្ថកិច្ចកម្ពុជា-ចិនសហការគ្នា ចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនចំនួន៥២នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត

ដោយ៖ ម៉ូលី មាស

ភ្នំពេញ៖ កម្លាំងសម្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងអាគារខុនដូកំពស់៩ជាន់មួយកន្លែងដោយបានឃាត់ខ្លួនជនជាតិប្រុសស្រីចំនួន៥២នាក់ ក្នុងចំណោមមនុស្ស១៤៤នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ប្រទេសចិន យកទៅសួរនាំនៅនាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត រួមនិងដកហូតសម្ភារៈជាច្រើនប្រភេទដែលសមត្ថកិច្ចរឹបអូសត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីធ្វើការត្រួតពិនិត្យ ប្រតិបត្តិការនេះបានធ្វើឡើងតាំងពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ម៉ោងជាង៦ល្ងាចថ្ងៃដដែល ទើបបញ្ចប់ ស្ថិតនៅក្នុងអាគារគ្មានលេខយីហោ តាមបណ្តោយផ្លូវ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក

ប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៏ទោ ស៊ីវ ឈាន់ អនុប្រធាននាយកប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ រួមនិងកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានខណ្ឌទួលគោក និងសមត្ថកិច្ចចិន បានសហការណ៏គ្នាយ៉ាងយកចិត្តទុកដាក់ទើបឈានដល់ការស្រាវជ្រាវឆ្មក់ចូលទៅឃាត់ខ្លួនជនជាតិចិនដែលសង្ងំលាក់ខ្លួននៅអាគារខុនដូខាងលើ ជាលទ្ធផលកម្លាំងជំនាញបានចូលទៅឆែកឆេរនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៥២នាក់ក្នុងចំណោម១៤៤នាក់ ដែលក្រុមជនសង្ស័យខាងលើបានចូលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាប្រព្រឹត្តបទល្មើសរកស៊ីជំរិតតាមប្រព័ន្ធអ៊ីនធឺណេតហៅកាត់ថា VOIP រីឯអ្នកមិនពាក់ព័ន្ធត្រូវបានសមត្ថកិច្ចដោះលែងអោយមានសេរីភាពជាធម្មតា ។

ក្រោយពីបញ្ចប់ការសាកសួរសមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យជាជនជាតិចិនខាងលើទៅឃុំខ្លួនបណ្តោះអាសន្ននៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីប្រគល់ទៅឲ្យសមត្ថកិច្ចចិនមកទទួលយកនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញតាមជើងយន្តហោះពិសេស បញ្ជូនទៅកាន់ប្រទេសចិនចាត់ការបន្តតាមនីតិវិធី៕