នគរបាលឆ្មក់បង្ក្រាបទីតាំងស្នាក់នៅរបស់ជនជាតិចិន និងឃាត់ខ្លួនមនុស្ស៦៤នាក់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ

ដោយ អែល វិចិត្រ

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយនឹងកំលាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញរួមទាំងកម្លាំងនគរបាលខណ្ឌចំការមនបានឆ្មក់ចូលបង្រ្កាបនិងចាប់ឃាត់ខ្លួនជនជាតិចិនចំនួន ៦៤ នាក់ ប្រតិបត្តិការនេះបានធ្វើឡើងនា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវ៤៩៨ចំណុចផ្ទះលេខ៨ ក្រុម១០ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានពេលសមត្ថកិច្ចដែលចុះប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យជនជាតិចិនខាងលើនេះបានដឹងឲ្យថា ក្នុងរង្វង់ប្រតិបត្តិការនេះគឺកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិចិនចំនួន ៦៤នាក់ក្នុងនោះមានស្រី១៤នាក់ ដែលសមត្ថកិច្ចសង្ស័យថា ការស្នាក់នៅរបស់ជនបរទេសទាំងនេះខុសច្បាប់និងធ្វើសកម្មភាពកំហែងទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត។

បច្ចុប្បន្នជនសង្ស័យជនជាតិចិនខាងលើនេះត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ទេកវិទ្យានាំខ្លួនចូលទៅក្នុងរថយន្តរបស់សមត្ថកិច្ចដើម្បីដឹកយកទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីធ្វើការសាកសួរនិងឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់បន្ត៕