ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងសន្និសីទសមាជិកសភាវ័យក្មេងរបស់ IPU

តបតាមការអញ្ជើញរបស់សហភាពអន្តរសភា(IPU) និងសភាប្រទេសប៉ារ៉ាហ្គាយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំសមាជិករដ្ឋសភាវ័យក្មេង ចូលរួមក្នុងសន្និសីទសកលលើកទី៦ នៃសមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា ដែលហៅកាត់ថា (IPU) នៅប្រទេសប៉ារ៉ាហ្គាយ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងសន្និសីទសកលនេះ ឯកឧត្តមប្រធានគណៈប្រតិភូ និងសមាជិក បានចែករំលែកពីការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ដល់អង្គសន្និសីទ។ សន្និសីទលើកទី៦ នៃការជួបជុំសមាជិកសភាវ័យក្មេងរបស់IPU បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ៖ «ការសម្រេចបាននូវ SDGs និងការផ្តល់អំណាចដល់យុវជនតាមរយៈសុខុមាលភាព» ។

ការចូលរួមសន្និសីទ នៃសហភាពអន្តរសភា(IPU) ដែលជាកិច្ចប្រជុំសម្រាប់សមាជិកសភាវ័យក្មេង នៃសភាសមាជិក IPU នេះ ជាបេសកកម្មការដ៏មានតម្លៃ សម្រាប់វិស័យការទូតសភាកម្ពុជា។ កំឡុងពេលចូលរួមសន្និសីទនេះ គណៈប្រតិភូសភាជិកសភាវ័យក្មេងកម្ពុជា ត្រូវចូលរួមកិច្ចប្រជុំជាច្រើន ក្នុងការចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរទស្សនៈយោបល់ជាមួយសមាជិកសភានៃប្រទេសដទៃ ដើម្បីកសាងសុខសន្តិភាព និងការអភិវឌ្ឍសកលលោកដោយចីរភាពតាមយន្តការសភា៕

អត្ថបទ និងរូបភាព៖ ដោយនាយកដ្ឋានព័ត៌មាននៃរដ្ឋសភា