កម្ពុជានឹងទទួលរងប្រព័ន្ធសម្ពាធទាប (ITCZ) ថ្មីមួយ បង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដែលជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មី

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសារាចរណែនាំបន្ថែម ស្តីពីការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ បន្ទាប់ពីក្រសួងធនធានទឹក និង ឧតុនិយមបានព្យាករថា ចាប់ពីថ្ងៃទី១២កញ្ញា ឆ្នាំ២០១៩តទៅ កម្ពុជានឹងទទួលរងប្រព័ន្ធសម្ពាធទាប (ITCZ) ថ្មីមួយ បង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មី

តាមរយៈសារាចរណែនាំបន្ថែមបានឲ្យដឹងថា ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ ដែលជំនន់ទន្លេមេគង្គ បានបង្កឱ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរ នៅបណ្តាខេត្តស្ថិតនៅតាមដងទន្លេមេគង្គផ្នែកខាងលើ។ ទន្ទឹមនិងនេះ បើទោះបីជាទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែការស្រក ចុះនេះមានសភាពយឺត ជាក់ស្ដែងខេត្តស្ទឹងត្រែង ដែលចាប់តាំងពីពេលស្រកចុះនៅយប់ថ្ងៃទី ០៦ មកដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ គឺមានរយៈពេល០៤ ថ្ងៃកន្លះ ស្មើនឹង១០៨ម៉ោង ទឹកស្រកចុះបានត្រឹមតែ០.៦០ ម៉ែត្រ ប៉ុណ្ណោះ។ ការស្រកចុះយឺតនេះគឺដោយសារបរិមាណទឹក ដែលកើតឡើងដោយសារជំនន់នាពេលកន្លងមកមានបរិមាណទឹកដ៏ច្រើនលើសលប់ទន្ទឹមនឹងភ្លៀងនៅបន្តធ្លាក់ពីតិចទៅបង្គរក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គបន្ថែមទៀត

យោងតាមការព្យាករណ៍លើ ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩តទៅ នឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) ថ្មីមួយកើតឡើង ហើយប្រព័ន្ធសម្ពាធទាបនេះ នឹងរំកិលខ្លួនចុះមកក្រោម (ចន្លោះស្ទឹងត្រែងប៉ាក់ សេ) ប្រព័ន្ធសម្ពាធទាបថ្មីនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ជំរុញឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មី ដែលធ្វើឲ្យជំនន់ឆ្នាំ២០១៩នេះ «ចាត់ទុកចំណាត់ថ្នាក់ជាជំនន់ធំ»។

យោងលើស្ថានភាពកម្ពស់ទឹកទន្លេ នាពេលបច្ចុប្បន្ន និងស្ថានភាពអាកាសធាតុដូចបានព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការ ណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ «ត្រូវបន្តបង្កើនស្មារតី ប្រុង ប្រយ័ត្ន និង វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ដែលអាចនឹងកើនឡើងជាថ្មីក្នុងពេល ដ៏ខ្លីខាងមុខ» កាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ