កូរ៉េខាងជើងនិយាយថាខ្លួនត្រៀមរួចជាស្រេចដើម្បីបើកការចរចាឡើងវិញជាមួយសហរដ្ឋអាមេរិក

អន្តរជាតិ៖អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងទទួលបន្ទុកក្នុងការចរចាជាមួយសហរដ្ឋអាមេរិក​និយាយថាទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចពិភាក្សានុ​យ​​ក្លេអ៊ែរកម្រិតការងារជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញា។អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េដែលគ្រប់គ្រងដោយរដ្ឋកាលពីថ្ងៃច័ន្ទ។

លោកស្រីChoe បានសំអាងលើការលើកឡើងរបស់មេដឹកនាំកូរ៉េខាងជើងលោក​គីមជុងអ៊ុនថាលោកនឹងរង់ចាំដោយអត់ធ្មត់រហូតដល់ចុងឆ្នាំដើម្បី ឲ្យ សហរដ្ឋអាមេរិកចេញសេចក្តីសម្រេចចិត្តដ៏ក្លាហាន។ កាលពីខែមេសាលោក​គីមបានរិះគន់ការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដកទណ្ឌកម្មរហូតដល់កូរ៉េខាងជើងបោះ​បង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។លោកស្រី Choe បាននិយាយថាលោកស្រីជឿជាក់ថាសហរដ្ឋអាមេរិកត្រូវបានផ្តល់ពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើតវិធីសាស្រ្តមួយដែលនឹងដំណើរការសម្រាប់ភាគីទាំងពីរ។

លោកស្រីបានបន្ថែមទៀតថាប្រទេសកូរ៉េខាងជើងត្រៀមខ្លួនរួចជាស្រេចដើម្បីមានការពិភាក្សាដ៏ទូលំទូលាយជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញាក្នុងពេលវេលានិងទីកន្លែងដែលបានឯកភាពរវាងភាគីទាំងពីរ។ប៉ុន្តែលោកស្រី Choe បានគំរាមថានឹងបញ្ឈប់កិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើងក្នុងការធ្វើកិច្ចព្រមព្រៀងប្រសិនបើសហរដ្ឋអាមេរិកនឹងមិនចាត់វិធានការថ្មីសម្រាប់កិច្ចចរចាថ្នាក់ការងារទេ៕