កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលចំនួន ៨ លើកចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដាមក

អន្តរជាតិ៖អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថាប្រទេសកូរ៉េខាងជើងបាន បាញ់មីស៊ីលចំនួន ២ គ្រាប់នៅព្រឹកថ្ងៃអង្គារនេះ។ មន្ត្រីយោធានិយាយថាគ្រាប់ផ្លោងត្រូវបានបាញ់ចេញពីខេត្តPhyonganភាគខាងលិចប្រទេសហើយបានហោះទៅទិសខាងកើត។នេះជាការបាញ់សាកល្បងលើកទី ៨ ហើយចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដាដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលត្រូវបានគេជឿជាក់ថាជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី។យោធាកូរ៉េខាងត្បូងនិងយោធាអាមេរិកកំពុងប្រមូលនិងវិភាគព័ត៌មាន។

នៅយប់ថ្ងៃច័ន្ទអនុរដ្ឋមន្រ្តីការបរទេសទីមួយរបស់កូរ៉េខាងជើង លោកស្រីChoe Son Hui បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីមានការពិភាក្សាដ៏ទូលំទូលាយជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញា។

លោកស្រី Choe ទទួលបន្ទុកការចរចារបស់កូរ៉េខាងជើងជាមួយសហ​រដ្ឋអាមេ​រិក​។ការបាញ់បង្ហោះចុងក្រោយត្រូវបានចាត់ទុកថាជាការប៉ុនប៉ងរបស់កូរ៉េខាងជើងដើម្បីបង្ហាញបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននិងដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិក។ក្រុមអ្នកវិភាគនិយាយថាតាមពិតទីក្រុងព្យុងយ៉ាងកំពុងសាក​ល្បងសម្ព័ន្ធភាពរវាងជប៉ុនកូរ៉េខាងត្បូងនិងអាមេរិកបន្ទាប់ពីទីក្រុងសេអ៊ូលបានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានយោធាជាមួយជប៉ុន៕