រថយន្តមិនស្គាល់ម៉ាកបានបើកបុកម៉ូតូឌ្រីមសង់បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូសុខៗ លើផ្លូវជាតិលេខ៦A ក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកមកពីក្រោយបានបុកពេញទំហឹងបណ្តាលឲ្យស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខសាលាកសិកម្មព្រែកលៀប តាមបណ្តោយផ្លូវជាតិលេខ6A ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះឈ្មោះ អុល ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកឥដ្ឋ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ឃុំមេសព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង ភិនភាគជនរងគ្រោះខាងលើស្លៀកពាក់

អាវយឺតពណ៌លឿងក្រម៉ៅ ស្លៀកខោក្រប៊ូយ

កំពស់ប្រហែល១.៧០ ម៉ែត្រ សំបុលខ្មៅស្រអែម ជិៈម៉ូតូម៉ាកឌ្រីម សង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ

1CM.6505ជិះតែម្នាក់ឯង។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូឌ្រីមសង់តាមបណ្តោយផ្លូវជាតិលេខ6Aទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកយ៉ាងលឿនមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះខ្ទាតប្រហែល៥០ម៉ែត្របោកក្បាលនិងថ្នល់ស្លាប់មួយរំពេច រថយន្តបន្ថែមល្បឿនរត់បាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏ទាក់ទងទៅសមត្ថកិច្ចជំនាញមកវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅគ្រួសារដឹកយកទៅស្រុកកំនើតធ្វើបុណ្យតាមប្រពៃណី៕