នគរបាលអន្តោប្រវេសន៍ ចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនចំនួន១០៥នាក់ក្នុងអគារមួយកន្លែង នៅខណ្ឌសែនសុខ

ដោយ៖ ម៉ូលី មាស

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនចំនួន១០៥នាក់ ពាក់ព័ន្ធនិងករណីបើកល្បែងតាមប្រព័ន្ធអ៊ីនធឺណែត និងស្នាក់នៅដោយខុសច្បាប់ ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោងជាងរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អូម ខណ្ឌសែនសុខ មានការដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ព្រមទាំងនគរបាលមូលដ្ឋានខណ្ឌសែនសុខ ។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន១០៥នាក់ ក្នុងនោះមានស្រី១០នាក់ និងដកហូតកុំព្យូទ័រលើតុចំនួន៨០គ្រឿងផងដែរ ។ សូមជម្រាបថា ទីតាំងអគារដែលសមត្ថកិច្ចបានចុះបង្ក្រាបនេះគឺមានដាក់ស្លាកយីហោជាសកលវិទ្យាល័យ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ។

បច្ចុប្បន្នជនជាតិចិនខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯអគារត្រូវបានសមត្ថកិច្ចសម្រេចខ្លុំបេបិទជាបណ្តោះអាសន្ន ៕