បារាំងទទូចទៅអាមេរិកអោយបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់

អន្តរជាតិ៖ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើទៅសមភាគីអាមេរិករបស់លោកគឺលោក ដូណាល់ត្រាំ ឲ្យបន្ធូរបន្ថយការដាក់ទណ្ឌកម្មមួយផ្នែកប្រឆាំងនឹងអ៊ីរ៉ង់ដើម្បីលើកទឹកចិត្តដល់ទីក្រុងតេរ៉ង់ចូលតុចរចារ។

លោក Macron និងលោក Trump បានជជែកគ្នានាពេលអាហារថ្ងៃត្រង់រយៈពេលពីរម៉ោងមុនកិច្ចប្រជុំកំពូល G7 ដែលបានធ្វើឡើងនៅរមណីយដ្ឋាន Biarritz ប្រទេសបារាំងកាលពីថ្ងៃសៅរ៍។

ប្រភពការទូតបារាំងនិយាយថាមេដឹកនាំទាំងពីរបានពិភាក្សាពីអ៊ីរ៉ង់និងបញ្ហាផ្សេង​ៗទៀតដូចជាពាណិជ្ជកម្មពិភពលោកនិងភ្លើងឆេះព្រៃនៅអាម៉ាហ្សូន។

ប្រភពបាននិយាយថាលោក Macron បានស្នើឱ្យប្រទេសអ៊ីរ៉ង់នាំចេញប្រេងក្នុងរយៈពេលកំណត់។ គោលដៅគឺដើម្បីលើកទឹកចិត្តក្រុងតេអេរ៉ង់ឱ្យគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួនជាមួយមហាអំណាចពិភពលោកហើយព្រមព្រៀងចរចាលើបញ្ហាជាច្រើនដែលរួមមានមីស៊ីលផ្លោង។ប្រភពបន្ថែមថាលោក Trump បានឆ្លើយតបថាលោកមិនចង់មានជម្លោះជាមួយអ៊ីរ៉ង់ទេ។

បន្ទាប់ពីកិច្ចពិភាក្សាលោក Trump បានលើកឡើងថា“ រឿងល្អៗ ជាច្រើនកំពុងកើតឡើង” សម្រាប់ប្រទេសទាំងពីរ។ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនទាន់បង្ហាញជាផ្លូវការនូវអ្វីដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នានោះទេ។

ស្ថានភាពនៅអ៊ីរ៉ង់ជារបៀបវារៈសំខាន់នៃកិច្ចប្រជុំកំពូល G7 ។ ការយកចិត្តទុកដាក់ផ្តោតលើថាតើសំណើរបស់លោក Macron អាចនាំឱ្យមានការកាត់បន្ថយភាពតានតឹងឬយ៉ាងណា៕