បុកក្បាលថ្មពុះចែកទ្រូវផ្លូវបាក់១កង់ រថយន្តគងជាប់ពីលើទ្រូវផ្លូវទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបានបើក រថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿនបានជ្រុលបុកក្បាលថ្មពុះចែកទ្រូវផ្លូវបាក់អស់១កង់ រថយន្តគងជាប់ពីលើទ្រូវផ្លូវទៅមុខលែងរួច កាលពីម៉ោង១០៖៤០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្ត PRIUS មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-4935 ធ្វើដំណើរទិសដៅពីកើតទៅលិច (ទំនងមានជាតិស្រវឹង) លុះដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន១កង់ រថយន្តបង្កគងពីលើទ្រូវផ្លូវកល់ជាប់ទៅមុខលែងរួច រីឯអ្នកបើកបរនិងអ្នករួមដំណើរបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុករថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕