ជនខិលខូចមួយចំនួនបានប្រើប្រាស់ ប្រព័ន្ធរក្សាសិទ្ធិយូធូប (YouTube) ដើម្បីជំរិតទារប្រាក់ពី Youtuber (អ្នកបង្កើតវិដេអូសម្រាប់យូធូប)

អត្ថបទដកស្រង់ពី៖ ផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

បណ្តឹងដែលដាក់ដោយក្រុមហ៊ុនយូធូប កាលពីពេលថ្មីៗនេះ បានចោទប្រកាន់អ្នកប្រើប្រាស់ម្នាក់គឺ លោកគ្រីស្តូហ្វឺរ ប្រេឌី (Christopher Brady) មកពីក្រុងអូម៉ាហា រដ្ឋនេប្រាស្កា ថាបានរំលោភបំពានប្រព័ន្ធរាយការណ៍ទាក់ទងនឹង “រំលោភច្បាប់រក្សាសិទ្ធិ” ដើម្បីជំរិតទារប្រាក់ពីអ្នកបង្កើតវីេដអូទៅវិញ។ លោកគ្រីស្តូហ្វឺរ បានដាក់សេចក្តីជូនដំណឹងស្តីពី ការរក្សាសិទ្ធិសហស្សវត្សរ៍ឌីជីថលរាប់សិបច្បាប់ ដែលបានអះអាងដោយមិនពិតថា វីេដអូដែលបានបង្ហោះដោយអ្នកប្រើប្រាស់ផ្សេងទៀតបានរំលោភបំពានច្បាប់រក្សាសិទ្ធិរបស់គាត់ បន្ទាប់មកគាត់ក៏ផ្ញើសារដើម្បី ជំរិតទារប្រាក់ពីអ្នកប្រើប្រាស់ទាំងនោះ។

យោងទៅតាម Ars Technica លោកគ្រីស្តូហ្វឺរ បានធ្វើការអះអាងមិនពិតប្រឆាំងនឹង Minecraft Streamers ល្បីៗ ចំនួន ៣។ បន្ទាប់មកគាត់បានទាមទារឱ្យពួកគេបង់ប្រាក់ពី ១៥០ ដុល្លារទៅ ៣០០ ដុល្លារតាមរយៈ PayPal ឬពី ៧៥ ទៅ ២០០ ដុល្លារជា Bitcoin ប្រសិនបើពួកគេបដិសេធ គាត់បានគំរាមធ្វើការទាមទាររក្សាសិទ្ធិទីបី ដែលអាចធ្វើឱ្យគណនីរបស់ជនរងគ្រោះត្រូវបានបញ្ឈប់។

យូធូប (YouTube) បានប្រឈមនឹងការរំលោភសិទ្ធិអ្នកនិពន្ធ ហើយនេះមិនមែនជាលើកទីមួយទេ ដែលប្រព័ន្ធទាមទារសិទ្ធិអ្នកនិពន្ធរបស់ខ្លួន ត្រូវបានប្រើប្រាស់សម្រាប់ការជំរិតទារប្រាក់។ ករណីប្ដឹងលោកគ្រីស្តូហ្វឺរនេះ ជាការផ្ញើសារទៅជនខិលខូចផ្សេងទៀតថា ការជំរិតទារប្រាក់ជាអំពើខុសច្បាប់ទោះក្នុងរូបភាពណាក៏ដោយ៕