គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តកុងតឺន័រ ធ្វើឲ្យបុរសម្នាក់ខ្ទាតចូលកង់រថយន្តកិនចំក្បាលធ្លាយខួរស្លាប់មួយរំពេច

ភ្នំពេញ៖ ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ ខណៈបុរសម្នាក់ត្រូវរថយន្តកុងតឺន័របុកហើយកិនបន្ថែមបែកក្បាលស្លាប់មួយរំពេច កាលពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ២៧១កែងនិងផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ សពរងគ្រោះមានឈ្មោះ សិទ្ធ អាយុជាង២០ឆ្នាំ ស្នាក់នៅភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះក៏មានបុរសម្នាក់ដែលជាជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរម្នាក់ឯង តាមបណ្ដោយផ្លូវ២៧១ដូចគ្នា តែក្នុងទិសដៅបញ្ច្រាស់ ហើយក៏បានបុកជាមួយរថយន្តកុងតឺន័រខាងលើពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលចូលក្រោមកង់រថយន្តកិនបែក្បាលចេញខួរស្លាប់មួយរំពេច ម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តភ្លាមៗបានបន្ថែមលឿនបើកគេចខ្លួនបាត់ស្រមោល

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឲ្យទៅសាច់ញាតិនៅពេលក្រោយ ចំណែកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕