នារីម្នាក់បើករថយន្តឡិចស៊ីសបុកជាមួយរបាំងថ្មចែកផ្លូវបាក់២កង់ រថយន្តគល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ នារីម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀតបានបើករថយន្តឡិចសុីសមួយគ្រឿងជ្រុលទៅបុករបាំងថ្មចែកផ្លូវបាក់អស់២កង់ រថយន្តគងជាប់ពីលើរបាំងថ្មទៅមុខលែងរួច នៅវេលាម៉ោង១២៖២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារដេប៉ូ តាមបណ្តោយផ្លូវ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្តឡិចសុីសRX-330មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AK-5806 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន២កង់ ហើយរថយន្តបង្កឡើងគងពីលើកល់ជាប់ទៅមុខលេងរួច ចំណែកអ្នកបើកបរនិងរួមដំណើរបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុករថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕