សហរដ្ឋអាមេរិកខកចិត្តចំពោះការចាកចេញពីកតិកាសញ្ញាចែករំលែកព័ត៌មានចារកម្មជាមួយជប៉ុនរបស់ទីក្រុងសេអ៊ូល

អន្តរជាតិ៖ក្រសួងការពារជាតិអាមេរិកបានសម្តែងនូវការព្រួយបារម្ភនិងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូងក្នុងការបញ្ចប់កតិកាសញ្ញាចែករំលែកព័ត៌មានចារកម្មជាមួយជប៉ុន។

មន្ទីរបញ្ចកោណបានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីទីក្រុងសេអ៊ូលបានធ្វើការសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍។

សេចក្តីថ្លែងការណ៍និយាយយ៉ាងដូច្នេះថា “យើងជឿជាក់យ៉ាងមុតមាំថាភាពស្មោះត្រង់នៃចំណងមិត្តភាពការពារជាតិនិងសន្តិសុខរបស់យើងត្រូវតែស្ថិតស្ថេរទោះបីជាមានការខ្វែងគំនិតក្នុងវិស័យផ្សេងទៀតនៃទំនាក់ទំនង” រវាងជប៉ុននិងកូរ៉េខាងត្បូងក៏ដោយ។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា“ យើងនឹងបន្តកិច្ចសហប្រតិបត្តិការការ​ពារ​ជាតិនិងសន្តិសុខទ្វេភាគីនិងត្រីភាគីតាមដែលអាចធ្វើទៅបាន” ជាមួយជប៉ុននិងកូរ៉េខាងត្បូង។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅកាណាដារដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ក៏បានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចចិត្តរបស់កូរ៉េខាងត្បូង។

លោក Pompeo បានលើកឡើងថាលោកបានជជែកជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Kang Kyung-wha បន្ទាប់ពីទីក្រុងសេអ៊ូលបានធ្វើការសំរេចចិត្ត។ លោកបាននិយាយថាសហរដ្ឋអាមេរិកកំពុងជំរុញឱ្យជប៉ុននិងកូរ៉េខាងត្បូងបន្តការសន្ទនាគ្នា៕