ឆេះផ្ទះមួយខ្នងនៅស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បណ្តាល​ឱ្យ​មនុស្ស​៩​នាក់​រង​របួស

ឧត្តរមានជ័យ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២៖២០នាទី មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងស្ថិតនៅក្នុងភូមិអូរជញ្ជៀន ឃុំស្រុកអន្លង់វែង ដែលមានម្ចាស់ឈ្មោះ គួយ គឹមលេញ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរលក់ចាប់ហួយ ប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ៤៩ឆ្នាំ បណ្តាលឱ្យមានការខូចខាតផ្ទះថ្ម១ខ្នង ទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់២ជាន់ ដំបូលស័ង្កសី និងទ្រព្យសម្បត្តិរបស់របរប្រើប្រាស់មួយចំនួន ហើយអគ្គិភ័យនេះបានឆាបឆេះបណ្តាលឱ្យផ្ទុះធុងហ្គាស់ប៊ើងកញ្ចក់ទ្វា និងបង្អួច បង្កឲ្យរងរបួស អ្នកកំពុងជួយអន្តរាគមន៍ សរុបចំនួន០៩នាក់ (ស្រី៤នាក់) ក្នុងនោះ នគរបាលស្រុកចំនួន០៤នាក់។

បន្ទាប់ពីមានករណីអគ្គិភ័យនេះ កម្លាំងនគរបាលខេត្ត ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ វរៈ៩០៥ និងកម្លាំងយោធា កងរាជអាវុធហត្ថទាំងអាជ្ញាធរនិងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យសរុប៥គ្រឿង ម៉ូតូដឹកទឹកជាច្រើនគ្រឿងផងដែរដោយប្រើប្រាស់ទឹកសរុប ចំនួន៤០ឡាន៕

ប្រភព៖ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ