រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូវីវ៉ាពីក្រោយបណ្ដាលឲ្យយុវជនម្នាក់ស្លាមភ្លាមៗនៅផ្លូវជាតិលេខ៦A

ភ្នំពេញ៖ យុវជនម្នាក់ស្លាប់ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកឆ្លងផ្លូវទៅបុកពេញទំហឹង កាលពីវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦A(ត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង) ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ គា សុត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុសរថយន្តនៅម្តុំហ្គ្រេនភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិកាចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រពភព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខម-0141ភព-1ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើកចេញពីផ្លូវបេតុងទិសដៅកើត ទៅលិចឆ្លងមកផ្លូវជាតិលេខ៦Aបំណងបត់មកឆ្វេងដៃ ហើយជ្រុលទៅបុកម៉ូតូខាងលើពេញទំហឹង បណ្តាលឲ្យជនរងគ្រោះអ្នកបើកបរដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯរថយន្តបង្កបានបើករត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះនិងធ្វើកំណត់ហេតុដើម្បីប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិវិញ៕