រថយន្តខូចនៅលើដងផ្លូវមិនដាក់ស្លាក​សញ្ញា ត្រូវបុរសម្នាក់ជិះម៉ូតូបុកពីក្រោយបណ្តាលឲ្យស្លាប់យ៉ាងអណោចអធម័

ព្រះសីហនុ៖ នៅម៉ោង២៣៖៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកសំរាមមួយគ្រឿង និងម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ ចំណុចចំណោតអូរត្រាវ សង្កាត់លេខ១ ក្រុងព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ ញុល សារឿន ភេទប្រុស អាយុ២៩ឆ្នាំ ធ្វើការនៅព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ មុខជំនាញខាងពន្លត់អគ្គីភ័យ មានទីលំនៅភូមិ១សង្កាត់លេខ១ក្រុង/ខេត្តព្រះសីហនុ (ភាគីម៉ូតូ)

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ដដឹកសំរាមមួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកសមុទ្រ (គ្មានផ្លាកលេខ) បានខូចហើយចតនៅលើដងផ្លូវត្រង់ចំណុចកើតហេតុ ដោយមិនបានដាក់ស្លាកសញ្ញា លុះនៅវេលាកើតហេតុ ស្រាប់តែមានបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាក XR230 ពណ៌សក្រហម មានស្លាកលេខ ភ្នំពេញ1HK-6543 ធ្វើដំណើរទៅធ្វើការពីក្រុងព្រះសីហនុ ទៅព្រលានយន្តហោះកងកេង ក៏បានបុកពីក្រោយរថយន្តដែលឈប់ចតនោះ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ នៅលើផ្លូវតែម្តង(មានពាក់មួកការពារ)

ក្រោយកើតហេតុវត្ថុតាងរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿងត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕