ជនជាតិចិនបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់២កង់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមនិងបុរសជនជាតិចិនម្នាក់ទៀត បានបើករថយន្តមួយគ្រឿងជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់២កង់ រីឯរថយន្តខ្ទេចផ្នែកខាងមុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះមុនីវង្សកែងនិងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់រួមដំណើរជាមួយគ្នា បានបើកមួយគ្រឿងម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-8479 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុកែងនិងផ្លូវកម្ពុជាក្រោម បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹងតែ បណ្តាលឲ្យបាក់អស់២កង់ ចំណែករថយន្តបង្កបានបែកកង់មុខផ្នែកខាងឆ្វេងនិងដាច់កាឡែទៅមុខលែងរួច។ បន្ទាប់មកជនជាតិចិនទាំង២នាក់ក៏បាននាំគ្នាចេញពីរថយន្តមកអង្គុយផឹកទឹកក្រឡុកធ្វើមិនដឹងដូចគ្មានរឿងអ្វីកើតឡើង ផឹករួចហើយក៏នាំគ្នាឡើងជិះកង់បីចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕