បុរសជនជាតិចិនម្នាក់កំពុងដើរ ស្រាប់តែខ្យល់គរដួលស្លាប់យ៉ាងអណោចអធម័

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដោយបុរសជនជាតិចិនម្នាក់បានដើរដួលផ្កាប់មុខ ហើយត្រូវប្រជាពលរដ្ឋជួយលើកធ្វើចលនា តែអកុសលជនរងគ្រោះបានស្លាប់ភ្លាមៗត្រង់ចំណុចមុខហាងម៉ាស្សាកោសជប់យីហោ(ម៉េងជូ) លើផ្លូវបេតុង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសជនជាតិចិន២នាក់បានដើរមកកន្លែងកើតហេតុ ហើយម្នាក់បានចូលក្នុងហាងម៉ាស្សាកោសជប់ខាងលើ រីឯជនរងគ្រោះមិនបានចូលជាមួយនោះទេ ដោយបានដើរចុះដើរឡើង២ទៅ៣ជុំ ត្រង់ចំណុចកើតហេតុ លុះមួយសន្ទុះក្រោយក៏ស្រាប់តែដើរដួលផ្កាប់មុខ ធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុមានការភ្ញាក់ផ្អើល មានអ្នកខ្លះជួយលើកធ្វើចលនាដើមទ្រូង និងអ្នកខ្លះទៀតទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកជួយសង្គ្រោះ តែអកុសលខណៈគ្រូពេទ្យមកដល់ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ

ក្រោយកើតហេតុ សមត្ថកិច្ចដ្ឋានបានចុះមកដល់ និងទាក់ ទងទៅខាងសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យឲ្យមកពិនិត្យ ទើបដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ (គាំងបេះដូង)ពិតប្រាកដមែន រួចក៏ធ្វើឯកសារប្រគល់ឲ្យសាច់ញាតិ ឬអ្នកស្គាល់ជាជនជាតិចិនដូចគ្នា ចាត់ចែងធ្វើបុណ្យតាមប្រពៃណី