កម្លាំងអាវុធហត្ថខេត្តក្រចេះ សម្រេចឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ

ក្រចេះ៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានសម្រេចឃាត់ខ្លួនជនសង្ស័យពីររូបក្នុងនោះមានឧកញ៉ា គង់ ក្រឹង និងកូនប្រសារម្នាក់ឈ្មោះ ម៉ាត់ ណាស៊ាត ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ៕ ការឃាត់នេះបានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ។

ឧកញ៉ា គង់ ក្រឹង ជាឈ្មួញពាក់ព័ន្ធនិងបទល្មើសព្រៃឈើដ៏ល្បីល្បាញម្នាក់ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ ត្រូវបានលោក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចេញលិខិតកោះហៅឲ្យទៅកាន់បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ដើម្បីបំភ្លឺពាក់ព័ន្ធនិងបទល្មើសព្រៃឈើ។

លុះនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឧកញ៉ារូបនេះ និងកូនប្រសារបានចូលបំភ្លឺតាមការកោះហៅ ទើបត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួននៅល្ងាចថ្ងៃដដែល ក្រោយពីបានធ្វើការសាកសួរអស់រយះពេលជាច្រើនម៉ោងរួចមក៕