រថយន្តដឹកខ្សាច់ បុកម៉ូតូឌ្រីមសង់ស្លាប់ម្នាក់និងរបួសធ្ងន់ពីរនាក់នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ភ្លាមៗនិង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្តដឹកខ្សាច់មួយគ្រឿងនៅម៉ោង១១៖២០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយផ្លូវបេតុង ក្នុងបុរីហាយលែនក្នុង ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ រស់ បន ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង ជាកម្មករសំណង់ ក្នុងបុរីហាយលែន ជិះម៉ូតូម៉ាកហុងដាឌ្រីម ០១៦ពាក់ស្លាកលេខស្វាយរៀង1I 6881 ជិះគ្នាបីនាក់។ រថយន្តបង្កគ្រោះថ្នាក់នោះម៉ាកដេវូ ពណ៌ស គ្មានស្លាកលេខ ជាប្រភេទយីឌុបដឹកខ្សាច់ បើកបរដោយបុរសម្នាក់បានរត់គេចខ្លួន។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញភាគីខាងម៉ូតូមានជិះគ្នា៣នាក់ ធ្វើដំណើរនៅតាមផ្លូវបេតុងក្នុងបុរីហាយលែន ក្នុងទិសដៅពីលិចទៅកេីតគោលបំណងទៅហូបបាយថ្ងៃត្រង់ ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងធ្វើដំណើរពី ជេីងទៅត្បូងមកបុកហើយកិនម៉ូតូគាបជាប់ក្រោមរថយន្ត អូសជាប្រមាណជាង៤០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោមរថយន្តយ៉ាងរន្ធត់ រីឯអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែងនៅកន្លែងកើតហេតុក៏បានយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕